អភិបាលខេត្តតាកែវ ប្រាប់យុវជនអាមេរិកមួយក្រុមពីភាពពិសពុលរបស់ថៃ ដែលទម្លាក់គ្រាប់បែកមកលើកម្ពុជា ហើយចោទថាជាគ្រាប់បែករបស់អាមេរិកទម្លាក់កាលពីឆ្នាំ១៩៧០ទៅវិញ
(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានលើកឡើងប្រាប់ក្រុមយុវជនអាមេរិក ពីភាពពិសពុលរបស់ក្រុមទាហានថៃ ដែលបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយ៉ាងសាហាវព្រៃផ្សែមកកងទ័ពរបស់កម្ពុជា ហើយគ្រាប់ដែលធ្លាក់ហើយមិនបានផ្ទះ បែរជាចោទថាជាគ្រាប់បែករបស់អាមេរិកដែលបានទម្លាក់មកលើប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧០ទៅវិញ។

លោកបានឲ្យដឹងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្តអាមេរិកប្រមាណ ៣០នាក់ មកពីភ្នាក់ងារភីសខ៍ររបស់សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារ៍ ទី៥ ខែសីហា ឆ្នាំ២០២៥នេះ។
លោកអភិបាលខេត្តតាកែវ បានថ្លែងប្រាប់ក្រុមយុវជនអាមេរិកបន្តថា កាលពីអតីតកាលនៅពេលដែលប្រទេសជប៉ុនខ្លាំង ប្រទេសថៃបានគាំទ្រជប៉ុននឹងបានប្រកាសសង្គ្រាមជាមួយ សហរដ្ឋអាមេរិក ហើយនៅក្នុងសង្រ្គាម ឈ្លានពានមកលើប្រទេសកម្ពុជារយៈពេល៥ថ្ងៃ កងទ័ពថៃបានប្រើប្រាស់ដ្រូនទំលាក់គ្រាប់ យន្តហោះបាញ់ផ្សែងពុលនិងបានប្រើយន្តហោះ ទម្លាក់គ្រាប់ MK84 ហើយចោទថាជាគ្រាប់របស់សហរដ្ឋអាមេរិក ទម្លាក់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
លោកអភិបាលខេត្តតាកែវ វ៉ី សំណាង បានលើកឡើងបន្តថា នៅពេលដែលអ្នកជំនាញបច្ចេកទេសគេមកពិនឹត្យគ្រាប់បែកនេះ គេបញ្ជាក់ថា គ្រាប់នេះផលិតនៅក្នុងឆ្នាំ១៩៩៦ ដូច្នេះការលើកឡើងរបស់ប្រទេសថៃ គឺជាសកម្មភាពស្វាស៊ីបាយលាបមាត់ពពែតែប៉ុណ្ណោះ ហើយនេះសបញ្ជាក់ពីភាពពិសពុលនិងពូកែលាបពណ៌របស់ថៃ ឲ្យអន្តរជាតិបានដឹង។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានអគុណរដ្ឋាភិបាលអាមេរិកជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយបញ្ចប់សង្រ្គាមរវាងកម្ពុជានឹងថៃ ហើយសកម្មភាពរបស់លោកប្រធានាធិបតី ស័ក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព ព្រោះលោកបានស្វែងរកបទឈប់បាញ់ ដែលបានជួយសង្រ្គោះអាយុជីវិតមនុស្សជាច្រើន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News











