Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋខ្មែរជាង ១០ម៉ឺននាក់ទៀត បានសម្រុកចេញពីប្រទេសថៃ មកស្រុកវិញតាមច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង, អាជ្ញាធរបន្ដសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

    BY Liny Chan August 5, 2025
    ប្រជាពលរដ្ឋខ្មែរជាង ១០ម៉ឺននាក់ទៀត បានសម្រុកចេញពីប្រទេសថៃ មកស្រុកវិញតាមច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង, អាជ្ញាធរបន្ដសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

    (បាត់ដំបង)៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់ បានបន្ដចាកចេញពីប្រទេសថៃ ដើម្បីវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងស្រុកកំរៀង។លោក សុខ លូ អភិបាលខេត្តបាត់ដំបង បន្ដដឹកនាំអាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធសម្របសម្រួលពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ។

    ក្នុងឱកាសនោះលោក សុខ លូ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អាហារសម្រន់ជូនដល់ពលករផងដែរ។ ពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ សូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។ ពលករខ្មែរទាំងអស់នោះ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ ទៅកាន់ស្រុកកំណើតវិញ ដោយសុវត្ថិភាព។ ជាបន្តបន្ទាប់ លោក សុខ លូ បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។

    សូមជម្រាបថា ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់ ប្រកបដោយសុខសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: