ព័ត៌មានជាតិ August 8, 2025

អ្នកនាំពាក្យក្រសួងការបរទេស បដិសេធការលើកឡើងដោយបង្ករឿងរបស់យោធាថៃថា កម្ពុជាកំពុងដំណើរការសង្គ្រាមបំភាន់ការពិត

Liny Chan

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្រសួងជំទាស់ជាខ្លាំងចំពោះការលើកឡើងដោយបង្ករឿងរបស់យោធាថៃថា កម្ពុជាកំពុងដំណើរការសង្គ្រាមបំភាន់ការពិត។ លោកបានបន្តថា ការថ្លែងបែបនេះ មិនត្រឹមតែជាការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់កិច្ចសន្ទនា នាពេលនេះ។

លោកបានថ្លែងបែបនេះក្នុងឱកាស អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។

លោក ជុំ​ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាសូមជំទាស់ជាខ្លាំងចំពោះការលើកឡើងដែលមានលក្ខណៈបង្ករឿង និងជាការបំភាន់ការពិតរបស់មជ្ឈដ្ឋានយោធាថៃ ដែលបានធ្វើការចែកផ្សាយជាសាធារណៈ នៅលើប្រព័ន្ធសង្គម នៅថ្ងៃម្សិលមិញ។ ការលើកឡើងនោះ ជាការចោទប្រកាន់ដោយគ្មានការទទួលខុសត្រូវ ថាកម្ពុជាកំពុងតែដំណើការនូវអ្វីដែលយោធាថៃចាត់ទុកថា សង្គ្រាមបំភាន់ការពិត។ វាមិនត្រឹមតែជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈរាំងស្ទះដល់លទ្ធភាពនៃការខិតខំប្រឹងប្រែង ដើម្បីសន្តិភាព កិច្ចសន្ទនា និងស្ថិរភាពកំពុងដំណើរការនៅពេលនេះ»

នាឱកាសនោះ អ្នកនាំពាក្យក្រសួងការបរទេស ក៏បានថ្លែងថា កម្ពុជាអំពាវនាវដល់អាជ្ញាធរថៃ ឱ្យប្រកាន់ខ្ជាប់នូវការអត់ធ្មត់ និងវិជ្ជាជីវៈ ក្នុងការទំនាក់ទំនងជាសាធារណៈរបស់ខ្លួន ដោយចៀសវាងចេញផ្សាយសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាន ហើយគំរាមកំហែងដល់សន្តិភាពដ៏ផុយស្រួយ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

សូមជម្រាបថា យោធាថៃតែងតែប្រើប្រាស់កាសែត Khaosod English និង The Nation Thailand ដើម្បីផ្សាយព័ត៌មានមិនពិត។ កន្លងទៅនេះ ក្លិប​អ្នក​កាសែត​កម្ពុជា ក៏ធ្លាប់បានអំពាវនាវដល់ការសែតថៃ គោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ឱ្យបានម៉ត់ចត់ ជាពិសេសត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ មុននឹងផ្សាយ ព្រោះការផ្សាយទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជា និងធ្វើឱ្យមានការច្របូកច្របល់ដល់មតិជាតិ អន្តរជាតិ ព្រមទាំងប្រជាជននៃប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News