Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យភាគីថៃ បង្ហាញសុឆន្ទៈក្នុងការគោរពបទឈប់បាញ់ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសន្តិភាព សម្រាប់ប្រជាជាតិប្រទេសទាំងពីរ

    BY Liny Chan August 9, 2025
    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យភាគីថៃ បង្ហាញសុឆន្ទៈក្នុងការគោរពបទឈប់បាញ់ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសន្តិភាព សម្រាប់ប្រជាជាតិប្រទេសទាំងពីរ

    (ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីថៃ បង្ហាញសុឆន្ទៈ និងការប្ដេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងឈប់បាញ់ដោយស្មោះត្រង់ ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេសទាំងពីរ និងដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង១១ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ លោក ប៉ែន បូណា បានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កម្ពុជាក្នុងនាមជាប្រទេសដែលស្រឡាញ់ និងការពារសន្តិភាព បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់នេះ ដោយបានរក្សាភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ខ្ពស់បំផុត។

    លោក ប៉ែន បូណា បានបន្ថែមថា ទទឹមនឹងរក្សាភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ខ្ពស់បំផុតរបស់កម្ពុជា យើងក៏សង្កេតឃើញថា មានព័ត៌មានក្លែងក្លាយជាច្រើនដែលចេញមកពីភាគីថៃ ដែលជាព័ត៌មានភូតកុហក នៅក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ។

    លោក ប៉ែន បូណា បានបន្ថែមទៀតថា ព័ត៌មានមិនពិត និងភូតកុហកទាំងអស់នោះ មិនផ្តល់ផលប្រយោជន៍អ្វីទេ ព្រោះកុំថាឡើយដល់ទៅប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិដែលមិនជឿលើព័ត៌មានទាំងនោះ សូម្បីតែប្រជាពលរដ្ឋថៃខ្លួនឯង ភាគច្រើនក៏សង្ស័យទៅលើព័ត៌មានដែលបញ្ចេញដោយរដ្ឋាភិបាល និងកងទ័ពថៃដែរ។

    លោក ប៉ែន បូណា ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យភាគីថៃ បង្ហាញសុឆន្ទៈ និងការប្ដេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងឈប់បាញ់ដោយស្មោះត្រង់ ដើម្បីរក្សាបានសន្តិភាពនៅក្នុងប្រទេសទាំងពីរ និងក៏ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងទាំងពីរ ខ្មែរនិងថៃផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: