អគ្គនាយកគយកម្ពុជា បារម្ភចំពោះការក្លែងបន្លំការនាំចេញទំនិញ ពីសហរដ្ឋអាមេរិកចូលមកកម្ពុជា ដើម្បីទទួលបានការអនុគ្រោះពន្ធ, អ្នកក្លែងបន្លំនឹងទទួលទោសទណ្ឌ
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងថា «យើងមានក្ដីបារម្ភចំពោះការក្លែងបន្លំការនាំចេញទំនិញ ពីសហរដ្ឋអាមេរិកចូលមកកម្ពុជា ដើម្បីទទួលបានការអនុគ្រោះពន្ធ ព្រោះករណីកម្ពុជាលើកលែងពន្ធនាំចូលពីសហរដ្ឋអាមេរិកនេះ យើងអត់តម្រូវឲ្យស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិកចេញ CO ដើម្បីបញ្ជាក់នោះឡើយ ដូច្នេះបន្ទុក គឺធ្លាក់លើភាពស្មោះត្រង់ និងត្រឹមត្រូវរបស់អ្នកនាំចូល»។

លោកបណ្ឌិត គុណ ញឹម គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
លោកបណ្ឌិត គុណ ញឹម បានថ្លែងថា ទាកទិននឹងបញ្ហាក្លែងបន្លំទំនិញ នេះជារឿងដែលនឹងអាចកើតឡើងព្រោះថា កាលណាមានការអនុគ្រោះពន្ធនោះ ការក្លែងបន្លំនឹងអាចកើតមានឡើង។ ចំពោះការនាំចូលទំនិញពីសហរដ្ឋអាមេរិក មកកម្ពុជាដែលលើកលែងពន្ធនេះនឹងអាចកើតមានព្រោះថា លក្ខខណ្ឌនៃការផ្ដល់អត្រាអនុគ្រោះបើការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺប្រទេសនាំចេញជាអ្នកចេញបញ្ជាក់ CO ថាទំនិញនេះពិតជា ឆ្លើយតបនឹងវិធានការទំនិញដែលព្រមព្រៀងក្នុងការអនុគ្រោះពន្ធ ប៉ុន្ដែករណីកម្ពុជាលើកលែងពន្ធនាំចូលពីសហរដ្ឋអាមេរិកនេះ យើងអត់តម្រូវឲ្យស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិកចេញ CO នោះឡើយ ដូច្នេះបន្ទុកគឺធ្លាក់លើភាពស្មោះត្រង់ និងត្រឹមត្រូវរបស់អ្នកនាំចូល។
លោកបណ្ឌិតបានបន្ថែមថា សម្រាប់អ្នកនាំចូលយើងនឹងមានទម្រង់មួយផ្ដល់ជូនឲ្យអ្នកនាំចូលប្រកាស ដើម្បីឲ្យអ្នកនាំចូលបង្ហាញពីភាពច្បាស់លាស់ និងស្មោះត្រង់ ក្នុងការប្រកាសថា ទំនិញដែលស្នើសូមអនុវត្តអត្រាពន្ធគយ ពិតជាបានផលិតនៅក្នុងសហរដ្ឋអាមេរិកពិតមែន។
លោកបញ្ជាក់ថា ប្រសិនមានការក្លែងបន្លំ ហើយសមត្ថកិច្ចចាប់បាននឹងត្រូវទទួលទោសទណ្ឌតាមច្បាប់់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









