ព័ត៌មានជាតិ August 10, 2025

ប្រជាពលរដ្ឋខេត្តស្វាយរៀង​ ប្រមាណ១២០០០នាក់​ ចូលរួមកម្មវិធីក្បួនដង្ហែថ្មើរជើង ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»

Liny Chan

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងលោកស្រី បានអញ្ជើញដឹកនាំក្បួនដង្ហែថ្មើរជើង ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»។

ពិធីនេះ មានវត្តមាននិមន្ត​ និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ​ លោក លោកស្រី ថ្នាក់ដឹកនាំ​ មន្ត្រីរាជ​ការ​ សមាគមន៍និស្សិតសាកលវិទ្យាល័យស្វាយរៀង​ យុវជ​ន​ ស.​ស.​យ.ក​ ខេត្ត​ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ១២,០០០នាក់​ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ហើយចេញដំណើរថ្មើរជើង ទៅតាមតម្រាយផ្លូវមួយចំនួន ក្នុងក្រុងស្វាយរៀង។

កម្មវិធីនេះ បានបង្ហាញទៅកាន់ពិភពលោកទាំងមូល ឱ្យឃើញពីគោលបំណង​ និងឆន្ទៈទៅកាន់ពិភពលោកទាំងមូល ពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា​ និងបង្ហាញនូវស្មារតីរួម ទាំងអស់គ្នារបស់ប្រជាជាតិកម្ពុជា​ការពារសន្តិភាព។ គោរពអរគុណដឹងគុណជានិច្ច ដល់វីរកងទ័ពបានពលី និងជឿជាក់លើវីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន។ គោរពថ្លែងអំណរគុណ និងអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចរចារឱ្យមានសន្តិភាព និងបទឈប់បាញ់ទទួលជោគជ័យ។

ជាមួយនេះ ក្នុងនាមយើងទាំងអស់គ្នា សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាឱ្យភាគីថៃដោះលែង នាយទាហានទាំង១៨រូប នៃកងយោធពលខេមរៈភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន មកកាន់ប្រទេសកម្ពុជា ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។

ក្នុងនាមប្រជាពលរដ្ឋខេត្តស្វាយរៀង​ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា​ សូមគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីកម្ពុជា ដើម្បីសន្តិភាពមួយនេះ​ ជយោ ព្រះរាជាណាចក្រកម្ពុជា, កម្ពុជាស្រលាញ់សន្តិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News