ព័ត៌មានជាតិ August 11, 2025

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ផែនការរបស់មេបញ្ជាការភូមិ២ថៃ ដែលចង់វាយដណ្ដើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ ជាចេតនាឈ្លានពានកម្ពុជា រំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀង GBC 

Liny Chan

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ផែនការរបស់លោក ប៊ុនសីន បាតផ្លាង មេបញ្ជាការយោធភូមិភាគ២ថៃ ដែលចង់វាយដណ្ដើមប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុចា គឺជាការបង្កហេតុ និងបញ្ជាក់កាន់តែច្បាស់អំពីការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។

តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលប្រចាំថ្ងៃនេះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ផែនការមុនចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគ២ថៃ គឺជាសកម្មភាពរំលោភលើបទឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា « ការប្រកាសនេះ ជាភស្ដុតាងដែលមិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ ទង្វើរបស់មេបញ្ជាការយោធភូមិភាគទី២ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនូវកិច្ចព្រមព្រៀងពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៉ី»។

បើតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា, ក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ភាគីកម្ពុជា និងថៃ បានឯកភាពគ្នា ជាពិសេសចំណុចទី២ បានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួនចូល ទាំងការដើរល្បាតហួសពីទីតាំងរបស់ខ្លួន ដែលឈរជើងនោះឡើយ។

កម្ពុជាសូមគូសបញ្ជាក់អំពីជំហរយ៉ាងម៉ឺងមាត់របស់ខ្លួនពីការរកដំណោះស្រាយដោយសន្ដិវិធី និងប្រកាន់គោលការណ៍សន្ដិភាពជាធំ និងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថា ភាគីថៃ នឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ និងដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុង ដើម្បីស្ដារមកវិញនូវប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អាចរស់នៅក្នុងសុខសន្ដិភាព។ បញ្ហាព្រំដែនមិនអាចកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត ហើយបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមរយៈយន្ដការបច្ចេកទេស និងច្បាប់អន្ដរជាតិ។

ក្រសួងការពារជាតិ សូមអំពាវនាវដល់សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឲ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងមាត់ឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ មិនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ តែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើសបន្លាលួសដែលខ្លួនបានលួចដាក់ចេញឲ្យអស់បន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។

ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយយើងគួរតែបន្ដធ្វើឲ្យសកម្មភាពនេះរឹតតែប្រសើរឡើង ចៀសជាងការធ្វើទង្វើដែលនាំឲ្យរាំងស្ទះដល់ការនាំមកនូវសន្ដិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរ ក៏ដូចជាការចង់ឃើញនៃបណ្ដាប្រទេសនានាលើពិភពលោក តាមរយៈការសាទរនៅពេលឃើញមានបទឈប់បាញ់រវាងប្រទេសកម្ពុជា-ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News