ព័ត៌មានជាតិ August 11, 2025

ក្រសួងធនធានទឹក និងឧតុនិយម៖ ចាប់ពីថ្ងៃទី១២ ដល់ទី១៩ ខែសីហា ភ្លៀងនឹងបន្តធ្លាក់ស្ទើរទូទាំងប្រទេស !

Liny Chan

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន ស្តីពីការព្យាករធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១២ ដល់ទី១៩ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១១ ឈ្មោះ ផដួល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

ព្យុះ ផដួល នេះ ពុំមានឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៥៖

១៖ តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

២៖ តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមាន ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។

៣៖ តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់គ្របគ្របដណ្តប់លើ ផ្ទៃដី៣៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណ ថយចុះលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្នុងបរិមាណពីតិចទៅមធ្យមដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News