ជួបស្នេហ៍ក្នុងជំរំភៀសសឹក, អាជ្ញាធរ និងសប្បុរសជន រៀបចំសែនព្រេនជូន មុនត្រឡប់ទៅលំនៅឋានវិញ
(សៀមរាប)៖ ការជួយយកអាសាគ្នាក្នុងគ្រាលំបាក ជាវប្បធម៌ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងខ្មែរ។ សង្គ្រាមកើតពីការឈ្លានពានរបស់កងទ័ពថៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ខំឱ្យពលរដ្ឋខ្មែរជិត២០ម៉ឺននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅរកកន្លែងសុវត្ថិភាពរៀបចំដោយអាជ្ញាធរ។

ផ្សាររាត្រីផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនទៀត ដែលអាជ្ញាធរ បានរៀបចំឱ្យជនភៀសសឹកស្នាក់អាស្រ័យកំលុងពេលសង្គ្រាមឈ្លានពីសំណាក់កងទ័ពថៃ។ ផ្សាររាត្រីជាទីតាំងឯកជនគ្រប់គ្រងដោយលោក ទិន ការវិវឌ្ឍន៍ និងលោក ឡុង សត្យា។
ផ្សារនេះមានជនភៀសសឹកសរុប ៨៣០នាក់ ដែលក្នុងនោះមានចាស់ជរា និងក្មេងៗផងដែរ។ ទីតាំងនេះ បានបើកទទួលជនភៀសសឹកចូលមកស្នាក់នៅចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា។ ក្នុងកំលុងពេលស្នាក់នៅទីតាំងនេះ ជនភៀសសឹកទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងផ្សារ ក៏ដូចជាសប្បុរសជននានា។
នៅទីតាំងនេះ មានការផ្តល់ទឹកស្អាត អគ្គិសនី និងបន្ទប់អនាម័យ ដោយមិនមានគិតថ្លៃអ្វីទាំងអស់។ បន្ថែមពីលើនោះ អាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងផ្សារ បានកៀរគរសប្បុរសជននាំយកស្បៀងអាហារ និងអំណោយផ្សេងចែកជូនជាបន្តបន្ទាប់ផងដែរ ដើម្បីដោះស្រាយការលំបាករបស់ពួកគាត់។
ក្រៅពីផ្តល់កិច្ចគាំពារក្នុងកំលុងពេលស្នាក់នៅរយៈពេលប្រមាណកន្លះខែហើយនោះ នៅថ្ងៃទី១០ ខែសីហា ថ្ងៃត្រឡប់ទៅលំនៅឋានវិញនោះ លោស្រី ម៉ៅ សុខឃាង អភិបាលរងក្រុងសៀមរាប និងលោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ប្រចាំតំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋអារីហ្សូណា និងក្រុមការងារ ព្រមទាំងលោក ទិន ការវិវឌ្ឍន៍ និងលោក ឡុង សត្យា ក៏ដូចជាសប្បុរសជននានា បានរួមគ្នារៀបចំពិធីជូនដំណើរប្រជាពលរដ្ឋភៀសសឹក ដោយរៀបចំពិធីពិសានំបញ្ចុក នំប័ុងសម្លរគីរីសាច់មាន់ និងបាញ់ហយផងដែរ។
ការរៀបចំនេះ បានស្តែងឱ្យឃើញនូវមនោសញ្ចេតនា ការស្រឡាញ់ ការជួយយកអាសាគ្នារវាងគ្រួសារខ្មែរក្នុងពេលជួបអាសន្ន ហើយក៏ជាការផ្តល់នូវភាពកក់ក្តៅដល់ជនភៀសសឹក ក៏ដូចជាការអបអរនូវសុខសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ក្រោមកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្នុងកំលុងពេលស្នាក់នៅបណ្តោះអាសន្ននៅផ្សាររាត្រីនេះ មានជនភៀសសឹកមួយគូ បានចាប់ប្រតិព័ទ្ធបង្កើតបាននូវមនោសញ្ចេតនាស្នេហារវាងគ្នាផងដែរ។ ជនភៀសសឹកជួបស្នេហ៍នេះ ខាងប្រុសមានឈ្មោះ ផេង ផា អាយុ ៤៩ឆ្នាំ មានស្រុកំណើតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយខាងស្រី មានឈ្មោះ ហួរ សៀងណាន អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយឃើញការស្រឡាញ់ប្រតិព័ទ្ធរបស់ជនភៀសសឹកមួយគូនេះ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរ ក៏ដូចជាគណៈកម្មការផ្សាររាត្រី បានរៀបចំពិធីសែនព្រេនជូនពួកគាត់យកគ្នាជាគូរមុនត្រឡប់ទៅលំនៅឋានវិញផងដែរ៕


































































