Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    តំណាងចិនច្រានចោលការចោទប្រកាន់ដោយគ្មានហេតុផលរបស់អាមេរិក ចំពោះប្រទេសចិនក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា

    BY Liny Chan August 13, 2025
    តំណាងចិនច្រានចោលការចោទប្រកាន់ដោយគ្មានហេតុផលរបស់អាមេរិក ចំពោះប្រទេសចិនក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា

    (ប៉េកាំង)៖ ថ្ងៃទី ១១ ខែសីហា ក្នុងកិច្ចប្រជុំជជែកដេញដោលបើកចំហជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហាសន្តិសុខសមុទ្រ លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់ដោយគ្មានហេតុផលរបស់អាមេរិក ចំពោះប្រទេសចិនក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា។

    លោក Fu Cong បានថ្លែងថា ក្នុងមួយរយៈពេលកន្លងទៅនេះ គណៈប្រតិភូអាមេរិកបានចោទប្រកាន់ និងមួលបង្កាច់ដោយគ្មានហេតុផល ចំពោះប្រទេសចិនជាច្រើនលើក ក្នុងខណៈពេលពិភាក្សាអំពីប្រធានបទផ្សេងៗ ក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ ជានិច្ចកាល ប្រទេសចិនតែងតែគោរព អធិបតេយ្យភាពព្រែកជីករបស់ប៉ាណាម៉ា ទទួលស្គាល់ឋានៈរបស់ព្រែកជីកប៉ាណាម៉ា ក្នុងនាមជាផ្លូវទឹកអន្តរជាតិដ៍អព្យាក្រឹតជាស្ថាពរ ។ ការដែលអាមេរិកប្រឌិតពាក្យកុហកនិងវាយប្រហារចិនដោយគ្មានហេតុផល គឺដើម្បីបង្កើតលេសសម្រាប់គ្រប់គ្រង ព្រែកជីកប៉ាណាម៉ា ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ខិតបង្ខំ និងសម្លុតកំហែងខាងសេដ្ឋកិច្ចនិងទង្វើអនុត្តរភាព ហើយដាស់តឿនអាមេរិកឱ្យឈប់បង្ករឿងនិងប្រឌិតពាក្យកុហក។

    លោក Fu Congបានលើកឡើងទៀតថា អាមេរិកជាអ្នកបង្ករឿងធំបំផុតដែលបំផ្លាញស្ថិរភាព និងសន្តិភាពនៅសមុទ្រចិនខាងត្បូង ។ អាមេរិកបានដាក់ពង្រាយអាវុធនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះបូករួមទាំងមីស៊ីលរយៈចម្ងាយមធ្យមនៅ មូលដ្ឋានយោធាដីគោក ហើយតែងតែចាត់បញ្ជូននាវា និងយន្តហោះចម្បាំងដោយទ្រង់ទ្រាយធំ ទៅស៊ើបការណ៍និងធ្វើសមយុទ្ធយោធា នៅសមុទ្រចិនខាងត្បូង គឺប៉ុនប៉ងបង្ករឿងនៅសមុទ្រចិនខាងត្បូង និងបម្រើដល់ផលប្រយោជន៍ខាងយុទ្ធសាស្ត្រភូមិសាស្ត្ររបស់ខ្លួន ។ ប្រទេសចិនដាស់តឿនអាមេរិកឱ្យគិតពិចារណាពី កំហុសរបស់ខ្លួនឱ្យបានស៊ីជម្រៅ ហើយរ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំយ៉ាងប្រាកដប្រជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: