តុលាការចាប់ផ្តើមបើកសវនាការលើសំណុំរឿងលោក ឡាយ វិសិដ្ឋ អតីតអភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង
(ភ្នំពេញ)៖ ក្រុមប្រឹក្សារចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ញឹម វិសាល ជាប្រធាន លោក សេង ម៉េងស៊្រុន ជាតំណាងអយ្យការបានចាប់ផ្តើមធ្វើការជំនុំជម្រះ សួរដេញដោលលើជនត្រូវចោទឈ្មោះ លី សាម៉េត ឈ្មោះ ឡាយ វិសិដ្ឋ អវត្តមានឈ្មោះ ឡាចសំរោង រួមជាមួយក្រុមមេធាវីការពារឲ្យក្រុមជនជាប់ចោទចំនួន ០៨នាក់ ពាក់ពន្ធ័បទចោទប្រកាន់ «ប៉ុនប៉ងសូកប៉ាន់» នូវទឹកប្រាក់ប្រមាណ៥៧ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងរត់ការយកតំណែងអភិបាលខេត្តបាត់ដំបង។

ក្នុងអង្គសវនាការដែលបានធ្វើឡើងជាសាធារណ: លោក ឡាយ វិសិដ្ឋ បានសារភាពថាលោកពិតជាបានព្រមព្រៀងប្រគល់ប្រាក់ចំនួន៥៧ម៉ឺនដុល្លារ ឲ្យទៅលោក លី សាម៉េត មែនដោយកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងតាមការណែនាំ និងសម្រប សម្រួលពីលោក ឡាច សំរោង ដែលណែនាំឲ្យស្គាល់ លោក លី ដាម៉េត។
ចំណែកលោកលី សាម៉េត បានឆ្លើយសារភាពថា លោកពិតជាបានទទួលប្រាក់សំណូកនោះពីលោក ឡាយ វិសិដ្ឋ ប្រាកដមែន តែមានចំនួនត្រឹម២២ម៉ឺនដុល្លារប៉ុណ្ណោះ ហើយលោកបញ្ជាក់ថា ប្រាក់សំណូកគឺលោកផ្ទាល់យកទុកតែម្នាក់ឯងទេ។
ក្រោយសវនាការបានបញ្ចប់លោក ញឹម វិសាល ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជំរះបានលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រមនៅពេលក្រោយ។
សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយរត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។
សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែងអភីបាលខេត្តបាត់ដំបង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។
ក្រោយបញ្ចប់ការសួរនាំ, អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ ហើយត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការ និងក្រោយមកត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនក្នុងពន្ធនាគារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


