ព័ត៌មានជាតិ August 15, 2025

ប្រមុខកងទ័ពម៉ាឡេស៊ី ស្នើឱ្យបញ្ជូនក្រុមការងាររបស់ខ្លួនរួមជាមួយក្រុមអ្នកអង្កេតការណ៍អាស៊ាន ចូលទៅកាន់តំបន់ជម្លោះ ដើម្បីត្រួតពិនិត្យបទឈប់បាញ់កម្ពុជា-ថៃ

Liny Chan

(គូឡាឡាំពួ)៖ ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ថារូបលោកបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើការទំនាក់ទំនងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដើម្បី អនុញ្ញាតក្រុមការងារម៉ាឡេស៊ី ចូលទៅកាន់តំបន់ជម្លោះក្នុងទឹកដីនៃប្រទេសទាំង២ រួមជាមួយក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Bernama។

តាមលោក Nizam Jaffar ក្រុមការងារ AOT ក្នុងរួមមានអ្នកតំណាងមកពីរដ្ឋជាសមាជិកអាស៊ាន ហើយពួកគេនឹងបន្តធ្វើដំណើរចុះត្រួតពិនិត្យស្ថានការណ៍នៅ តំបន់ព្រំដែនរវាងកម្ពុជា និងថៃ សំដៅថាតាមដាន និងធានាឱ្យបានថាមិនមានការរំលោភបំពានលើបទឈប់បាញ់កើតឡើង។ «នេះគឺជាកិច្ចការមួយដ៏ពិបាក ពីព្រោះព្រំដែនមានប្រវែងជាង ៨៤០គីឡូម៉ែត្រចាំបាច់ស្ថិតនៅក្រោមការតាមដាន។ ដើ​ម្បីធ្វើកិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រឡូស៊ីស្ទីគពី សហរដ្ឋអាមេរិក»។ នេះជាការគូសបញ្ជាក់របស់លោក Nizam Jaffar ប្រាប់ក្រុមអ្នកសារព័ត៌មាន។

លោក Nizam Jaffar បានបន្ថែមថាភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នានៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងការបង្កើតក្រុមអ្នកអង្កេតការណ៍បណ្ដោះអាសន្ន (IOT) ដោយមានការចូលរួមពីអនុព័ន្ធយោធានៃរដ្ឋជាសមាជិកអាស៊ាន។ ក្រុមអ្នកអង្កេតការណ៍នេះត្រូវបានដឹកនាំដោយក្រុមទីប្រឹក្សាការពារជាតិ របស់ម៉ាឡេស៊ីនៅក្នុងទីក្រុងបាងកក និងទីក្រុងភ្នំពេញ។

គួរបញ្ជាក់ថា បើតាមលោក Nizam Jaffar ជាជំហានដំបូង ក្រុមអ្នកអង្កេតការណ៍ IOT នឹងធ្វើបទបង្ហាញខ្លីក្នុងទីក្រុងបាងកកទៅកាន់មន្ត្រីជាន់ខ្ពស់៧៥នាក់ មកពីភាគីថៃលើវិធានការដែលចាំបាច់ត្រូវធ្វើឡើង។ ការធ្វើបទបង្ហាញដូចគ្នាក៏នឹងត្រូវធ្វើឡើងក្នុងទីក្រុងភ្នំពេញផងដែរ មុននឹងក្រុមអ្នកអង្កេតការណ៍ធ្វើដំណើរទៅកាន់តំបន់ជម្លោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News