ព័ត៌មានជាតិ August 15, 2025

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះតាមបន្ទាត់ព្រំដែន

Liny Chan

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីជួយ​ផ្នែក​មនុស្ស​ធម៌នៅកម្ពុជា ដោយផ្តោតលើការរងគ្រោះនៅ​តាមបន្ទាត់ព្រំដែនក​ម្ពុជា​-ថៃ ដោយសារជម្លោះព្រំដែន។

តាមរយៈបណ្តាញសង្គមរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥​ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យ​ដឹង​ថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលជាជំនួយឥតសំណង មានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

ប្រភពបន្តថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។

រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។

លោកឯកអគ្គរាជទូត បានបញ្ជាក់ថា រូបលោកផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News