ព័ត៌មានជាតិ August 18, 2025

អាជ្ញាធរមីន៖​ កម្ពុជានៅតែបន្ដបើកទ្វាររង់ចាំ ដោះស្រាយការងារបោសសំអាតគ្រាប់មីន នៅតាមព្រំដែនជាមួយថៃ​ ពេលមានបន្ទាត់ព្រំដែនច្បាស់លាស់

Liny Chan

(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ​ប្រទេសកម្ពុជា ​នៅតែបន្តបើកទ្វារង់ចាំ​ ការសហការដោះស្រាយ ក្នុងការងារបោសសំអាតគ្រាប់មីន ​នៅតាមព្រំដែនជាមួយភាគីថៃ​ នៅពេលមានការកំណត់បន្ទាប់ព្រំដែនច្បាស់លាស់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ទេសរដ្ឋមន្រ្តី​ លី ធុជ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

ទេសរដ្ឋមន្រ្តី​ លី ធុជ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជារបស់យើង នៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ លើការងារបោះសំអាតមីន នៅពេលដែលការឈ្លានពាននេះ ​បានចប់សព្វគ្រប់ជាស្ថាពរ វិលមកភាពប្រក្រតីឡើងវិញ ហើយនឹងការជជែកគ្នា រវាងបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ»។

បន្ថែមពីនេះទៀត ទេសរដ្ឋមន្រ្តី​ លី ធុជ បានគូសបញ្ជាក់ថា នៅពេលដែលលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំ រវាងប្រទេសទាំងពីរ ការងារបោះសំអាតមីន នឹងចាប់ផ្ដើមដំណើរការ ហើយអាចនឹងសហការគ្នាជាមួយនឹងប្រទេសជិតខាង ដូចជាប្រទេសថៃជាដើម។

អនុប្រធានទី១អាជ្ញាធរមីន បានអះអាងថា កម្ពុជាជាប្រទេសរងគ្រោះដោយសារគ្រាប់ បានចាប់ដៃជាមួយប្រទេសជាច្រើន ជាពិសេសអង្គភាពស៊ីម៉ាក់ តែងផ្ដល់បទពិសោធន៍មេរៀនសំខាន់ៗ ជូនដល់បណ្ដាប្រទេសមួយចំនួន ដែលមានបញ្ហាគ្រាប់មីន។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី​ លី ធុជ បានឲ្យដឹងថា កម្ពុជាអំពាវនាវដល់ភាគីថៃ បញ្ចប់នូវមហិច្ឆិតាបំពានកម្ពុជា ហើយស្នើសុំដល់ភាគីថៃ ចាប់ផ្ដើមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ និងរួមគ្នាកសាង លើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News