អគ្គនាយកស៉ីម៉ាក់៖ កម្ពុជានៅមានមីនច្រើនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រវែងជាង ៧០០គីឡូម៉ែត្រដែលមិនទាន់បោសសម្អាត
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានលើកឡើងថា បច្ចុប្បន្ននេះតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅសល់មីនច្រើនមិនទាន់បោសសម្អាតនោះទេ ពោលបើគិតជាប្រវែងប្រមាណជាង៧០០គីឡូម៉ែត្រ។

តាមរយៈសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង រតនា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅបោសសម្អាតនៅតំបន់មនុស្សរស់នៅដែលមានអាទិភាព និងបម្រើឲ្យផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍ។
អគ្គនាយកស៉ីម៉ាក់ បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាមីននៅក្នុងប្រទេសរបស់យើង មីននៅច្រើនជាងគេនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្បែរៗខ្សែបន្ទាត់ព្រំដែន ឬក៏លើខ្សែបន្ទាត់ព្រំដែនតែម្ដង។ បច្ចុប្បន្ននេះយើងដឹងថា មានតំបន់ដែលមានបញ្ហាគ្រាប់មីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ប្រមាណជាង៧០០គីឡូម៉ែត្រ ដែលមិនទាន់បានបោសសម្អាតទេ»។
លោក ហេងត រតនា បានគូសបញ្ជាក់ថា តំបន់ដែលនៅសេសសល់មីនច្រើន ក៏មាននៅក្នុងតំបន់ដែលកំពុងមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃផងដែរ ពោលសុទ្ធតែជាចំការមីននៅឡើយ។ លោកបន្ដថា ទោះបីភាគីថៃបានប្រកាសថា តំបន់របស់គេបានបោសសម្អាតហើយ ប៉ុន្ដែតំបន់ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់កម្ពុជា មិនទាន់បានបោសសម្អាតនោះទេ ព្រោះមិនមែនជាតំបន់ចម្បង និងអាទិភាព។
សូមជម្រាបថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់។
ដោយឡែកនៅក្នុងឆ្នាំ២០២៥ គិតត្រឹមខែកក្កដា ផ្ទៃដីចំនួន ១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦ ៤០៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៥ ៨៤៥គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News





