ព័ត៌មានជាតិ August 18, 2025

លោក ដូណាល់ ត្រាំ៖ លោក ហ្សេលេនស្គី អាចជ្រើសរើសបញ្ចប់សង្រ្គាមភ្លាមៗជាមួយរុស្ស៉ី ឬក៏បន្តវាទៀត ខណៈការចង់យកគ្រីមៀមកវិញ ឬចូល NATO គឺមិនអាចដាច់ខាត

Liny Chan

(កៀវ)៖ កាលពីយប់ថ្ងៃអាទិត្យ ទី១៧ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចជ្រើសរើសបញ្ចប់សង្រ្គាមជាមួយរុស្ស៉ីបានសឹងតែមួយរំពេច ប៉ុន្តែលោក ត្រាំ បានសង្កត់ធ្ងន់ថា ការយកឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៉ី ឬក៏ការចូលជាសមាជិកអង្គការ NATO គឺជារឿងមិនអាចទៅរួចដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចបញ្ចប់សង្រ្គាមជាមួយរុស្ស៉ីសឹងតែបានភ្លាមៗ ប្រសិនបើលោកមានបំណងធ្វើបែបនោះ ឬក៏លោកអាច​ជ្រើសរើសយកការបន្តប្រយុទ្ធគ្នា។ ដោយឡែក មិនអាចយកគ្រីមៀ ដែលបាត់បង់តាំងតែពី១២ឆ្នាំមុន ដោយសារលោក អូបាម៉ា ឬចូលជាសមាជិក NATO ឡើយ។ វាគឺជារឿងគ្មានថ្ងៃប្រែប្រួលដាច់ខាត»

គួរបញ្ជាក់ថា ការបង្ហោះសារដូចខាងលើរបស់លោក ត្រាំ គឺមុនពេលរូបលោក នឹងត្រូវបើកជំនួបកំពូលជាមួយលោកប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជាមួយក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាននាថ្ងៃសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ដើម្បីពិភាក្សាគ្នាអំពីសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីលោក ត្រាំ បានបើកជំនួបកំពូលជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅរដ្ឋ Alaska កាលពីថ្ងៃសុក្រសប្តាហ៍មុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News