លោក ហ្សេលេនស្គី ថាការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ប្រហែលជាត្រូវសម្រេចក្នុងរយៈពេល ១០ថ្ងៃ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារនេះ បន្ទាប់ពីជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបណ្តាមេដឹកនាំអឺរ៉ុបថា ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ទំនងជានឹងត្រូវបានសម្រេចក្នុងរយៈពេល ១០ថ្ងៃ។ នេះបៀយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ ២០២៥។

កាលពីថ្ងៃចន្ទ លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ថាសហរដ្ឋអាមេរិកនឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅទីនោះ។ លោក ហ្សេលេនស្គី ចាត់ទុកថា វាជារឿងដ៏សំខាន់ដែលសហរដ្ឋអាមេរិក បានបញ្ជូនសញ្ញាច្បាស់លាស់ថា ខ្លួននឹងស្ថិតក្នុងចំណោមប្រទេសសម្របសម្រួល ហើយក៏ជាអ្នកចូលរួមក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនផងដែរ។
លោក ហ្សេលេនស្គី ប្រាប់សន្និសីទសារព័ត៌មាន ដូច្នេះថា «ការធានាសន្តិសុខ ប្រហែលជាត្រូវបែងចែកទៅដៃគូរបស់យើង ហើយព័ត៌មានលម្អិតច្រើនទៀតនឹងចេញមកបន្តបន្ទាប់ ហេីយនឹងមានលិខិតផ្លូវការក្នុងរយៈពេល ១០ថ្ងៃ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំជាមួយមេដឹកអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា ដោយលោក ត្រាំ ពិពណ៌នាថាបានប្រព្រឹត្តយ៉ាងល្អប្រសេីរ ជាមួយនិងការរៀបចំឱ្យមានជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែន នាពេលខាងមុខ។ កិច្ចប្រជុំនេះបានធ្វេីឡេីង បន្ទាប់ពីលោក ត្រាំ បានជួបលោក ពូទីន នៅឯរដ្ឋ Alaska កាលពីសប្តាហ៍មុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

