Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សេចក្តីថ្លែងការណ៍ក្រសួងការបរទេស៖ ចំណាត់ការផ្លូវច្បាប់របស់ថៃចំពោះថ្នាក់ដឹកនាំកម្ពុជា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាពនិងប្រក្រតីភាព

    BY Liny Chan August 19, 2025
    សេចក្តីថ្លែងការណ៍ក្រសួងការបរទេស៖ ចំណាត់ការផ្លូវច្បាប់របស់ថៃចំពោះថ្នាក់ដឹកនាំកម្ពុជា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាពនិងប្រក្រតីភាព

    (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ចំណាត់ការផ្លូវច្បាប់របស់ថៃចំពោះថ្នាក់ដឹកនាំកម្ពុជា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាពនិងប្រក្រតីភាព។

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានកត់សម្គាល់ដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយ នាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ Phumtham Wechayachai ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុង ស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។

    ក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា៖ «ចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍សមភាពអធិបតេយ្យ និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀត ប្រការនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង និងដើម្បីស្តារសន្តិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ»

    កម្ពុជា​បានចាត់ទុកថា សកម្មភាពផ្លូវច្បាប់ដែលបានគ្រោងទុកនឹងធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងទាំងអស់ ក្នុងការស្តារឡើងវិញនូវទំនុកចិត្ត ដែលត្រូវការជាចាំបាច់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់ដែលបានព្រមព្រៀងដោយកម្ពុជា និងថៃ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាលក្ខខណ្ឌ និងជាជំហានឆ្ពោះទៅរកការបន្ថយភាពតានតឹងនៃស្ថានការណ៍ដែលបានព្រមព្រៀងគ្នា និងការចុះ ហត្ថលេខាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងមក។

    ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេចបាននូវសន្តិភាព និងការស្តារទំនាក់ទំនងឱ្យមានភាពប្រក្រតីឡើងវិញនាពេលដ៏ខ្លីបំផុតខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: