ព័ត៌មានជាតិ August 20, 2025

អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់ថៃថា ជំហររដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺចង់បានសន្តិភាព ដូច្នេះការចោទប្រកាន់ លាបពណ៌ ក្នុងបំណងចោទប្រកាន់ណាមួយមកកម្ពុជា គឺអត់មានប្រសិទ្ធភាពនោះទេ

Liny Chan

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងប្រាប់ភាគីថៃថា ជំហររដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺចង់បានសន្តិភាព ដូច្នេះការចោទប្រកាន់ លាបពណ៌ ក្នុងបំណងចោទប្រកាន់ណាមួយមកកម្ពុជា គឺអត់មានប្រសិទ្ធភាពនោះទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

ថៃកំពុងតែព្យាយាមប្រើប្រាស់បញ្ហាគ្រាប់មីន កាឡៃការពិតដើម្បីឱ្យពិភពលោកយល់ថា ខ្លួនជាជនរងគ្រោះ ខណៈជនរងគ្រោះពិតប្រាកដ គឺកម្ពុជា ដែលទទួលរងនូវគ្រាប់បែកធុនធ្ងន់ជាច្រើនប្រភេទ ដែលទម្លាក់ពីលើយន្តហោះ F-16 ប្រភេទ MK-84, MK-82 និងគ្រាប់បែកចង្កោមជាច្រើនប្រភេទទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា សហគមន៍អន្តរជាតិ បានទទួលសារច្បាស់ពីកម្ពុជា ដែលជនរួមជាតិទាំងអស់ បានបន្លឺថា «កម្ពុជាត្រូវការសន្តិភាព»

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ការចោទប្រកាន់នានា សម្តែងឈុតឆាកនានា ក្នុងគោលបំណងទម្លាក់កំហុសលើកម្ពុជា គឺអត់មានប្រសិទ្ធភាពទេ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News