ព័ត៌មានជាតិ August 25, 2025

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងក្រសួងការពារជាតិ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលពលី ក្នុងសមរភូមិការពារទឹកដី

Liny Chan

(ភ្នំពេញ)៖ អគ្គមហាឧបាសក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងលោកស្រី សូ សុគន្ធារី, នាយឧត្តមសេនីយ៍បណ្ឌិត ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងអាជ្ញាធរមូលដ្ឋានឃុំវល្លិ៍ស បានរៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី។

ពិធីនេះមានការនិមន្តចូលរួមពីសំណាក់ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ជាសង្ឃាធិបតី វត្តចំបក់ ក្នុងគោលំណងបួងសួងដល់ព្រលឹងបុព្វបុរសមេទ័ព អ្នកសច្ចំបង់បត់ ដើម្បីការពាររារាំងសព្វសត្រូវដែលមានចិត្តឈ្លានពានទឹកកម្ពុជារដ្ឋ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។

ព្រះរតនសោភ័ណ ម៉ន បឿន បានមានសង្ឃដីកាបញ្ជាក់ថា នៅថ្ងៃនេះដើម្បីរំលឹកអំពីគុណបំណាច់ដល់ វីរយុទ្ធជនកងទ័ព ដែលបានពលីជីវិតនៅក្នុងសមរភូមិនោះ ព្រះសង្ឃមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាយ៉ាងច្រើនអង្គ-នាក់ បានរៀបចំពិធីគោរពនូវវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យដល់វីរកងទ័ព និងប្រជាជនដែលបានស្លាប់ និងពលីក្នុងពេលសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជារយៈពេលថ្មីៗនេះ។

ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាបញ្ជាក់ថា យើងទាំងអស់គ្នាពិតជាបានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ដែលនេះជាការបាត់បង់នូវកុលបុត្រខ្មែរដ៏អស្ចារ្យ និងធនធានការពារជាតិ ចូលរួមបុព្វហេតុថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដីដែនអធិបតេយ្យភាពជាតិ និងការពារប្រជាជនប្រកបដោយភាពអង់អាចក្លាហាន។

ការលះបង់អាយុជីវិតរបស់វីរកងទ័ពកម្ពុជាពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វ ហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធ ជនទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News