Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្ដីពាណិជ្ជកម្ម អំពាវនាវឲ្យមានការទប់ស្កាត់ ការប្រើប្រាស់ឈ្មោះផលិតផលខ្មែរ បិទលើផលិតផលប្រទេសដទៃ ចៀសវាងការក្លែងបន្លំ

    BY Liny Chan August 26, 2025
    រដ្ឋមន្រ្ដីពាណិជ្ជកម្ម អំពាវនាវឲ្យមានការទប់ស្កាត់ ការប្រើប្រាស់ឈ្មោះផលិតផលខ្មែរ បិទលើផលិតផលប្រទេសដទៃ ចៀសវាងការក្លែងបន្លំ

    (ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងអំពាវនាវឲ្យមានការទប់ស្កាត់ ការប្រើប្រាស់ ឬយកឈ្មោះរបស់ផលិតផលខ្មែរ ទៅបិទលើផលិតផលនានារបស់ប្រទេសដទៃ ព្រោះថាការធ្វើបែបនេះនាំឲ្យមានការយល់ច្រឡំ និងបញ្ចៀសនូវការក្លែងបន្លំផងដែរ។

    កាលើកឡើងនេះបន្ទាប់ពីកន្លងទៅនេះ មានផលិតផលខ្មែរជាច្រើន រួមមានផលិតផលអង្ករ ប្រហុក ជាដើមត្រូវបានគេយកឈ្មោះជាផលិតខ្មែរ ទៅប្រើប្រាស់យ៉ាងណាធិបតេយ្យ ពិសេសនៅលើទីផ្សារក្រៅប្រទេស។

    ការលើកឡើងអំពាវនាវរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនៃ «យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» នៅថ្ងៃទី២៦ ​ខែសីហា ឆ្នាំ២០២៥។

    លោកស្រី ចម និម្មល បានថ្លែងឲ្យដឹងថា សូមសហព័ន្ធស្រូវអង្ករកម្ពុជា បន្ដពង្រឹងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបង្កើតឲ្យមានកេរ្ដិ៍ឈ្មោះនៃអង្ករកម្ពុជា សូមបន្ដពង្រឹងគុណភាព ដើម្បីប្រកួតប្រជែងជាមួយប្រទេសនាំចេញអង្ករផ្សេងៗទៀត និងត្រូវចូលរួមប្រតិបត្តិការជំរុញធុរកិច្ចស្របច្បាប់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ប្រកដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណៈប្រកួតប្រជែង និងប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈលើទីផ្សារជាតិ និងអន្ដរជាតិ។

    លោកស្រី ចម និម្មល បានបញ្ជាក់បន្ថែមថា «សូមចូលរួមការពង្រឹងគុណភាពអង្ករកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ និងត្រូវគិតគូរលើបរិមាណ, គុណភាព និងសោភណ្ឌភាពនៃការវេចខ្ចប់នៃស្ដង់ដារ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះជានិរន្ដរភាពនៃការនាំចេញ។ សូមតម្រូវឲ្យបាននូវការធានារ៉ាប់រង នូវការធានាគុណភាពម៉ាកអង្កររបស់កម្ពុជា និងហាមផ្ដាច់ការយកអង្កររបស់កម្ពុជា ទៅលាយបញ្ជូលគ្នាជាមួយអង្កររបស់ប្រទេសផ្សេងៗ និងបិទស្លាកសញ្ញាអង្កររបស់កម្ពុជា»

    លោកស្រីបានបញ្ជាក់ថា កត្តាខាងលើនេះ គឺទាមទារឲ្យមានការចូលរួមទប់ស្កាត់ និងទាមទារការយកចិត្តទុកដាក់ខ្ពស់ពី សំណាក់សហព័ន្ធស្រូវអង្កររបស់កម្ពុជាតែម្ដង ដូច្នេះសូមបន្ថែមការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: