បាតុភូតចន្ទគ្រាសលោហិត នឹងលេចឡើងនាចុងសប្តាហ៍ក្រោយ ហើយនៅប្រទេសកម្ពុជាយើង អាចមើលឃើញតាំងដើមដល់ចប់
(ភ្នំពេញ)៖ នៅចុងសប្តាហ៍ក្រោយនេះ បាតុភូតចន្ទគ្រាសពេញលេញ ដែលជាពេលព្រះចន្ទត្រូវស្រមោលផែនដីបាំងជិតទាំងស្រុង នឹងកើតមានឡើង ហើយបណ្តាប្រទេសជាច្រើន នឹងអាចមើលឃើញវាតាំងពីដើមរហូតដល់ចប់ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ។ នេះបើតាមការផ្សាយរបស់វែបសាយ Date and Time។

ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា។ លើកចុងក្រោយបង្អស់ ដែលបាតុភូតចន្ទគ្រាសពេញលេញ អាចត្រូវមើលឃើញនៅកម្ពុជា គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២២។
គួរបញ្ជាក់ថា វានឹងជាបាតុភូតចន្ទគ្រាសពេញលេញទាំងស្រុង ដែលមានរយៈពេលដ៏យូរបំផុត គិតចាប់តាំងពីឆ្នាំ២០២២មក។ អំឡុងបាតុភូតចន្ទគ្រាសនោះ ព្រះចន្ទនឹងមានពណ៌ក្រហម ប្រៀបដូចជាលោហិតយ៉ាងដូច្នោះ។ វាមើលទៅមានពណ៌បែបនោះ ដោយសារតែការជះរាយប៉ាយនៃកាំពន្លឺព្រះអាទិត្យនៅក្នុងបរិយាកាសផែនដី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


