សំបុកល្បែងស៉ីសងដ៏ធំមួយនៅប្រទេសថៃ ដែលរកលុយមួយខែៗបានជាង ១៥លានដុល្លារ ទើបត្រូវបានបង្រ្កាបនៅទីក្រុងបាងកក
(បាងកក)៖ អាជ្ញាធរនៅប្រទេសថៃ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីបង្រ្កាបសំបុកបនល្បែងស៉ីសងដ៏ធំសម្បើមមួយ ក្នុងសង្កាត់ Don Mueang នៃទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥។

ជាលទ្ធផលនៃយុទ្ធនាការនោះ អ្នកលេងល្បែងសរុបចំនួនជាង២០០នាក់ ត្រូវបានចាប់ខ្លួន ហើយវាលាតត្រដាងនូវសំបុកល្បែងធំមួយ ដែលរកចំណូលបានយ៉ាងច្រើនលើសលប់ គឺមួយខែៗរហូតដល់លើស៥០០លានបាត ឬស្មើនឹងជាង១៥លានដុល្លារអាមេរិក។ បើតាមអង្គភាពប្រតិបត្តិការពិសេសនៃក្រសួងមហាផ្ទៃថៃ ប្រតិបត្តិការនោះត្រូវបានធ្វើឡើង ក្រោយទទួលបានការបង្ហើបឱ្យដឹងពីសាធារណជន។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai ដែលជារដ្ឋមន្រ្តីមហាផ្ទៃ រួមជាមួយមន្រ្តីជាន់ខ្ពស់ដទៃទៀតនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីប៉ូលិសថៃ បានប្រកាសពីជោគជ័យនៃប្រតិបត្តិការខាងលើ កាលពីវេលាយប់ថ្ងៃពុធ ហើយលោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការនោះជាផ្នែកមួយ នៃគោលនយោបាយរបស់ក្រសួងមហាផ្ទៃថៃ ដើម្បីបោសសម្អាតសំបុកល្បែងស៉ីសង ដែលរីកសុសសាយនៅក្នុងប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


