Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ វេជ្ជបណ្ឌិតម្នាក់មិនអាចប្រកបការងារជាពេទ្យ ដោយមានតែសញ្ញាបត្រទេ គឺត្រូវមាន៣ចំណុចធំៗ

    BY Liny Chan August 28, 2025
    មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ វេជ្ជបណ្ឌិតម្នាក់មិនអាចប្រកបការងារជាពេទ្យ ដោយមានតែសញ្ញាបត្រទេ គឺត្រូវមាន៣ចំណុចធំៗ

    (ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងថា ជាវេជ្ជបណ្ឌិតម្នាក់មិនអាចប្រកបការងារជាពេទ្យ ដោយមានតែសញ្ញាបត្រនោះទេ គឺត្រូវមាន៣ចំណុចធំៗ គឺ១៖ គុណវុឌ្ឍិផ្លូវការលើការសិក្សា ២៖ សមត្ថភាពអនុវត្ដការងារ ៣៖ សម្បទា និងចរិតល្អក្នុងវិជ្ជាជីវៈ។ ក្នុងចំណុចសំខាន់ទាំង៣ធំៗនេះ គឺមានចំណុចតូចៗជាច្រើន ដែលក្នុងនាមជាគ្រូពេទ្យត្រូវគោរពប្រតិបត្ដិ ដើម្បីធានាថាការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្ដ។

    ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ឡឹម តារា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពី ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្រមសីលធម៌គ្រូពេទ្យ ដែនកំណត់ និងនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រ នៅកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ប្រមាណ ២០០នាក់។

    លោកសាស្ដ្រាចារ្យ ឡឹម​ តារា បានថ្លែងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអាទិភាពក្នុងចំណោមវិស័យនានាក្នុងការកសាងប្រទេសជាតិកាន់តែរីកចម្រើន។ ការកសាងប្រទេសជាតិមួយឱ្យមានការរីកចម្រើនទៅបាននោះ គឺពឹងផ្អែកទៅលើធនធានមនុស្ស ដែលមានចំណេះដឹង និងមានសុខភាពល្អ ។ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យ ឡឹម តារា ក៏រំលឹកពីគុណប្រយោជន៍នៃការដាក់ចេញនូវយុទ្ធសាស្ដ្រសសំខាន់ៗចំនួន ៩ចំណុច និងវិស័យអាទិភាពចំនួន ៣ ដែលលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបានដាក់ចុះកាលពីដើមអណត្ដិទី៧មកម្ល៉េះ​។

    លោកសាស្រ្ដាចារ្យ ឡឹម តារា ក៏បានឡើងទៀតថា «ដូច្នេះកិច្ចការការងារសំខាន់របស់ក្រសួងសុខាភិបាល ឬវិស័យសុខាភិបាល ដែលបាននឹងកំពុងធ្វើ គឺការពង្រឹងគុណភាព ឱ្យសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋយើង។ ចំណែកការធ្វើឱ្យសេវាសុខាភិបាលមានគុណភាព និងសុវត្ថិភាពនេះ គឺពឹងផ្អែកសំខាន់ទៅលើធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ដែលជាគ្រូពេទ្យនេះហើយ។ ដោយឡែកសម្រាប់គណៈគ្រូពេទ្យ គឺយើងមានតួនាទីក្នុងការគ្រប់គ្រង ហើយនឹងអភិវឌ្ឍនូវវិជ្ជាជីវៈវេជ្ជសាស្ដ្រ ឱ្យមានគុណភាព និងសុវត្ថិភាពជូនប្រជាជន គ្រូពេទ្យត្រូវខិតខំក្នុងការបម្រើសេវាឱ្យមានគុណភាព សុវត្ថិភាព និងទំនុចចិត្ដពីប្រជាពលរដ្ឋយើង »

    ក្រៅពីចំណេះជំនាញដែលមាន គឺត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ឱ្យស្គាល់ពីច្បាប់នៃការគ្រប់គ្រង ការប្រកបវិជ្ជាជីវៈ ស្គាល់ពីនិយាមវិជ្ជាជីវៈ ដែនកំណត់វិជ្ជាជីវៈ ហើយត្រូវតែការមានរំលឹកជាប្រចាំ ដើម្បីផ្ទៀងផ្ទាត់នឹងការអនុវត្ដន៍ការងាររបស់ខ្លួន ដូច្នេះហើយបានជាតម្រូវឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយអំពី ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្រមសីលធម៌គ្រូពេទ្យ ដែនកំណត់ និងនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រនេះឡើង និងធ្វើជាប្រចាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: