Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ

    BY Liny Chan August 28, 2025
    ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ចុះយកព័ត៌មានដោយផ្ទាល់នៅទីតាំងជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ

    (ព្រះវិហារ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចុះមកពិនិត្យ និងធ្វើបទសម្ភាសជាមួយអាជ្ញាធរខេត្តព្រះវិហារ និងប្រជាពលរដ្ឋខ្មែរដែលភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ។

    ពិធីនេះសម្របសម្រួលដោយក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» (Safety and Risk Management Conflict Reporting) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

    សិក្ខាសាលាអ្នកសារព័ត៌មានបានស្វែងយល់មួយកម្រិតបន្ថែមទៀតពីការរាយកាណ៍ក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងនោះអ្នកសារព័ត៌មានក្នុងតំបន់ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗទៅវិញទៅមកផងដែរ។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីសិក្ខាសាលានាព្រឹកថ្ងៃទី២៨ ខែសីហានេះ អ្នកសារព័ត៌មាននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងសំខាន់ៗដែលរងផលប៉ះពាល់ដោយជម្លោះពីមុនព្រំដែន នៅព្រះវិហារ អ្នកសារព័ត៌មានបានទៅទស្សនាកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តពោធិ៍៥០០០ និងតំបន់ផ្សេងៗទៀតដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចកាលពីអតីតកាល។

    នៅខេត្តឧត្តរមានជ័យ អ្នកសារព័ត៌មាននឹងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះនៅភូមិស្រែ ឃុំកូនគ្រៀល និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល។ អ្នកសារព័ត៌មានក៏នឹងទៅទស្សនាមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ និងទីជម្រកបណ្តោះអាសន្នវត្តធម្មកំបោរ។

    នៅខេត្តបន្ទាយមានជ័យ អ្នកសារព័ត៌មាននឹងធ្វើដំណើរទៅកាន់ឃុំអូរបីជាន់ រួមទាំងភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ជាកន្លែងដែលកងកម្លាំងថៃ បានរាយលួសបន្លាសព័ទ្ធយកផ្ទះប្រជាពលរដ្ឋកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: