ព័ត៌មានជាតិ September 1, 2025

ជំនួបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានសភាប្រឹក្សានយោបាយចិនអះអាងថា ចិននឹងនៅតែបន្តគាំទ្រកម្ពុជា ដោយឥតងាករេ និងតាមដានដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ

Liny Chan

(ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោក វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះ លោកប្រធានសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ លោកបានចាត់ទុកវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូថា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ។

លោកប្រធានបានថ្លែងថា ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និងកាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។

លោកប្រធានក៏បានបន្ថែមថា ក្នុងជំនួបការងារទ្វេភាគីនាថ្ងៃទី ៣០ ខែសីហា ប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ។

ជាការឆ្លើយតប សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពូនជ្រុំជាយូរមកហើយ និងត្រូវបានថ្នាក់ដឹកនាំជំនាន់ក្រោយជំរុញ និងលើកកម្ពស់ជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកាលពីខែមេសាកន្លងទៅ ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត។

សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រកម្ពុជាជាពិសេសការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ការម្ចាស់ការដោយខ្លួនឯង ព្រមទាំងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។

ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតីបានស្នើមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ព្រមទាំងជំរុញឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែន ដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។

មុននឹងបញ្ចប់ លោកប្រធានសភាបានសង្កត់ធ្ងន់ថា ចិននឹងបន្តតាមដានដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបន្តធ្វើកិច្ចការ ដើម្បីជួយដោះស្រាយបញ្ហានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News