ខេត្តមួយចំនួននៃប្រទេសថៃ កំពុងបន្តរងការជន់លិចនៅឡើយ ក្រោយការវាយប្រហារពីព្យុះជាបន្តបន្ទាប់
(បាងកក)៖ នាថ្ងៃអង្គារ ទី៣ ខែកញ្ញា អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសថៃ បានបើកកិច្ចប្រជុំតាមអនឡាញជាមួយបណ្តាអភិបាលខេត្ត និងប្រធានទីភ្នាក់រដ្ឋាភិបាលដែលពាក់ព័ន្ធ មកពីខេត្តសរុបចំនួន៦២ ដើម្បីបន្តតាមដានស្ថានការណ៍គ្រោះទឹកជំនន់ និងបំណាក់ដី ដែលត្រូវបានបង្កឡើងដោយព្យុះត្រូពិក Kajiki និងព្យុះ Nongfa កាលពីពេលកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod។

អំឡុងកិច្ចប្រជុំខាងលើ អគ្គនាយកនៃនាយកដ្ឋានទប់ស្កាត់និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីផលប៉ះពាល់នៃព្យុះ Kajiki ដែលបានបង្កជាគ្រោះទឹកជំនន់និងបំណាក់ដី នៅក្នុងខេត្តសរុបចំនួន១៤ ខណៈគិតត្រឹមពេលនេះ ស្ថានការណ៍ទឹកជំនន់ នៅបន្តក្នុងខេត្តចំនួន៤ រួមមាន Chiang Mai, Mae Hong Son, Sukhothai និង Phitsanulok ហើយប្រជាជន៦៣៩០នាក់ នៅបន្តរងការប៉ះពាល់។
គួរបញ្ជាក់ថា សម្រាប់ផលប៉ះពាល់នៃព្យុះ Nongfa វិញ ដែលបានបង្កការជន់លិចក្នុងខេត្តចំនួន១៣ គឺស្ថានការណ៍ទឹកជំនន់ កំពុងបន្តនៅខេត្តចំនួន៦ រួមមាន Chiang Mai, Phetchabun, Uttaradit, Loei, Nong Bua Lamphu និង Chumphon។ ព្យុះនេះបានជះផលប៉ះពាល់លើប្រជាជន៩៥៨៩គ្រួសារ ស្មើនឹងមនុស្សសរុប៣២ ០៩៤នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News





