ទូតជប៉ុនប្រចាំកម្ពុជា៖ ប្រទេសជប៉ុន នៅតែបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ
(ភ្នំពេញ)៖ លោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ប្រទេសជប៉ុន នៅតែបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។

លោក UENO Atsushi បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងស្ថាប័បពាក់ព័ន្ធជាច្រើនទៀត។
លោក UENO Atsushi បានបញ្ជាក់ថា ប្រទេសជប៉ុន សូមសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ជីវិតរបស់ទាហានពលីកម្ពុជា ក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។
លោក UENO Atsushi បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលជប៉ុនបានចូលរួមរំលែកទុក្ខជាមួយកម្ពុជា ដោយសម្រេចផ្តល់ជំនួយឥតសំណងសង្គ្រោះបន្ទាន់ចំនួន ១.៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




