ព័ត៌មានជាតិ September 3, 2025

គណបក្សភូមិចៃថៃ ប្ដឹងលោកនាយករដ្ឋមន្ត្រីស្ដីទី Phumtham ជុំវិញការស្នើរំលាយរដ្ឋសភា

Liny Chan

(បាងកក)៖ អ្នកតំណាងម្នាក់នៃគណបក្សភូមិចៃថៃបានដាក់ពាក្យបណ្ដឹងប្រឆាំងលោក Phumtham Wechayachai ដោយចោទថានាយករដ្ឋមន្ត្រីស្ដីទីថៃរូបនេះបានរំលោភអំណាចរបស់ខ្លួន ពាក់ព័ន្ធនឹងការដាក់សំណើស្នើសុំការអនុញ្ញាតពីព្រះមហាក្សត្រថៃ ដើម្បីរំលាយរដ្ឋសភាបើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ នេះបើតាមកាសែតថៃ Khaosod។

តាមអ្នកតំណាងខាងលើ គណបក្សភូមិចៃថៃ ក៏បានស្នើឱ្យមានការពង្រីកការស៊ើបអង្កេតផងដែរដើម្បីផ្តន្ទាទោសលើអ្នកទាំងឡាយណាដែលបានចូលរួម ឬមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ ខាងលើ។

លោក Phumtham Wechayachai នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានចេញមុខទទួលស្គាល់រូបលោកពិតជាបានដាក់សំណើទៅកាន់ព្រះរាជវាំងដើម្បីស្នើការអនុញ្ញាតពីព្រះមហាក្សត្រ រំលាយរដ្ឋសភា ក្នុងគោលបំណងបិទបញ្ចប់ភាពចលាចលនយោបាយដែលកំពុងកើតឡើង។ ការប្រកាសទទួលស្គាល់របស់គណបក្សភឿថៃទៀតសោត ធ្វើឡើងក្រោយគណបក្សប្រជាជនថៃ (People’s Party) នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានសម្រេចចិត្តគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនេះមានន័យថាគណបក្សប្រឆាំងធំជាងគេ បំផុតរបស់ថៃមួយនេះគាំទ្រលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News