Microphone ថតជាប់សំឡេងលោក ពូទីន និងលោក ស៊ី ជីនពីង ជជែកគ្នាថាមនុស្សអាចរស់នៅបានដល់អាយុ ១៥០ឆ្នាំ
(ប៉េកាំង)៖ នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើរទន្ទឹមគ្នានឹងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា Microphone មួយបានថតជាប់សំឡេងរបស់មេដឹកនាំទាំង២ កំពុងជជែកគ្នាពីការវះកាត់ប្ដូរសរីរាង្គ និងលទ្ធភាពដែលមនុស្សអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Microphone ថតជាប់សំឡេងជជែកគ្នាខាងលើកើតមានឡើងក្នុងពេលលោក ពូទីន និងលោក ស៊ី ជីនពីង បានដើរទន្ទឹមគ្នានឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯពិធីព្យុហយាត្រាយោធារបស់ ចិនរំឮកដល់ខួប៨០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ ការថតជាប់សំឡេងជជែកគ្នារវាងលោក ពូទីន និងលោក ស៊ី ជីនពីង ពេលកំពុងផ្សាយផ្ទាល់ត្រូវបានផ្ដល់ដោយទូរទស្សន៍រដ្ឋចិន CCTV ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងនោះរួមមានទាំង AP និង Reuters។ តាមរដ្ឋបាលវិទ្យុ និងទូរទស្សន៍ចិន ការផ្សាយផ្ទាល់ពិធីព្យុហយាត្រាយោធារបស់ CCTV មានអ្នកចូលទស្សនា ១.៩ពាន់លានដង នៅលើអនឡាញ និងជាង ៤០០នាក់តាមកញ្ចក់ទូរទស្សន៍។
តាមសំឡេងដែល Microphone ថតជាប់ ខណៈលោក ពូទីន និងលោក ស៊ី ជីនពីង ដើរទន្ទឹមគ្នាឆ្ពោះទៅកាន់ទីលាន Tiananmen អ្នកបកប្រែរបស់លោក ពូទីន ត្រូវបានគេស្ដាប់ឮថាបានបកប្រែជា ភាសាចិនថា «ជីវបច្ចេកវិទ្យាកំពុងបន្តអភិវឌ្បន៍»។ អ្នកបកប្រែរូបនេះបន្ថែមទៀតថា «សរីរាង្គរបស់មនុស្សអាចត្រូវបានវះកាត់ប្ដូរដែលអាចធ្វើឱ្យមានអាយុវែង កាន់តែក្មេងជាងវ័យ និងរហូតដល់អាចមាន ជីវិតអមតៈក៏ថាបាន»។
ជាការឆ្លើយតប លោក ស៊ី ជីនពីង ត្រូវបានគេស្ដាប់ឮឆ្លើយតបជាភាសាចិនថា «មានការព្យាករខ្លះថានៅក្នុងស.វនេះមនុស្សប្រហែលជាអាចរស់នៅបានដល់អាយុ ១៥០ឆ្នាំ»។ ចំណែក លោក គីម ជុងអ៊ុន វិញបានញញឹម និងសម្លឹងទៅកាន់លោក ពូទីន និងលោក ស៊ី ជីនពីង។ តែគេមិនច្បាស់ថាតើការសន្ទនារវាងលោក ពូទីន និងលោក ស៊ី ជីនពីង ត្រូវបានបកប្រែឱ្យលោក គីម ដែរឬក៏យ៉ាងណានោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


