មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាជួយរុស្ស៉ីពេញទំហឹង និងពិភាក្សាអំពីភាពជាដៃគូជាមួយលោក ពូទីន
(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹងគាំទ្រយ៉ាងពេញទំហឹងដល់កងទ័ពរុស្ស៉ី ឱ្យដូចជាបងប្អូន ហើយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ចាត់ទុកទំនាក់ទំនងរុស្ស៉ី-កូរ៉េខាងជើងថាជាពិសេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ ២០២៥។

សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA បន្ថែមថា លោក ពូទីន បានកោតសរសើរយ៉ាងខ្លាំង ចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន ហើយថាទំនាក់ទំនងនៃប្រទេសទាំងពីរគឺ «ពិសេសដោយការជឿទុកចិត្ត មិត្តភាព និងសម្ព័ន្ធភាព»។
គួរបញ្ជាក់ថា លោក គីម និងលោក ពូទីន បានជួបគ្នាកាលពីថ្ងៃពុធសប្តាហ៍នេះ អំឡុងពេលចូលរួមទិវាជ័យជម្នះ នៅក្នុងទីក្រុងប៉េកាំង។ KCNA បានចុះផ្សាយរូបថត លោក គីម ជុងអ៊ុន ឈរ ឬដើរជាមួយលោក ពូទីន និងលោក ស៉ី ជីនពីង ដោយស្នាមញញឹម ហើយកាសែតរដ្ឋ Rodong Sinmun ក៏បានផ្សព្វផ្សាយពីទិដ្ឋភាពសំខាន់នៃដំណើរទស្សនកិច្ចនេះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



