ព័ត៌មានជាតិ September 4, 2025

ជនអនាមិកបង្កើត TikTok ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងរូបរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្សាយព័ត៌មានប្រឌិតខុសការពិត

Liny Chan

(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញមកបញ្ជាក់ថា មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ (RathSreang) ដោយបានយកឈ្មោះ និងរូបភាពរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់លោកផងដែរ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានគណនី TikTok ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះ (Rath Sreang) ហើយមានសញ្ញាធិកពណ៌ខៀវ ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន TikTok តែមួយប៉ុណ្ណោះ។ ដូច្នេះគ្រប់គណនី TikTok ណាមួយ ដែលមានឈ្មោះ និងរូបភាពរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ហើយមិនមានសញ្ញាធិកពណ៌ខៀវ គឺជាគណនីក្លែងបន្លំទាំងអស់ សូមសាធារណជនកុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះ ដោយប្រកាណាមួយឲ្យសោះ។

ជនដែលបានយកឈ្មោះលោក រ័ត្ន ស្រ៊ាង ទៅបង្កើតគណនី TikTok ទាំងអស់ ទោះក្នុងបំណងអ្វីក៏ដោយសូមប្តូរចេញ និងបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាក់ជាមិនខាន។ គណនី TikTok ផ្លូវការ៖ https://www.tiktok.com/@rathsreang?_t=ZS-8zRUvCwu91G&_r=1