លោក ពូទីន ព្រមានថា វត្តមានកងទ័ពលោកខាងលិចនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅដែលរុស្ស៉ីមានសិទ្ធិវាយប្រហារ
(មូស្គូ)៖ នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា កងទ័ពរបស់លោកខាងលិច ដែលហ៊ានដាក់ពង្រាយនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅសមស្រប សម្រាប់ឱ្យទីក្រុងមូស្គូមានសិទ្ធិវាយប្រហារបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ពូទីន បានព្រមានដូចខាងលើ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងថា ប្រទេសសរុបចំនួន២៦ បានសន្យាផ្តល់ការធានាសន្តិសុខក្រោយពេលសង្រ្គាមដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងការដាក់ពង្រាយកងកម្លាំងអន្តរជាតិមួយ នៅដីគោក ផ្ទៃទឹក និងដែនអាកាស។
ជាយូរមកហើយ រុស្ស៉ីបានលើកហេតុផលថា មូលហេតុចម្បងបំផុតមួយ ដែលខ្លួនបើកការវាយប្រហារឈ្លានពានលើអ៊ុយក្រែន គឺដើម្បីរារាំងកុំឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិច គឺអង្គការ NATO ទទួលយកទីក្រុងកៀវចូលជាសមាជិក ហើយដាក់ពង្រាយកងទ័ពនៅក្នុងទឹកដីរបស់អ៊ុយក្រែន។
លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «ដូច្នេះហើយ ប្រសិនបើមានកងទ័ពលោកខាងលិចណាមួយ លេចមុខនៅអ៊ុយក្រែន ជាពិសេសនៅពេលនេះ អំឡុងប្រតិបត្តិការពិសេស (សង្រ្គាមអ៊ុយក្រែន) យើងនឹងចាត់ទុកថា ទាហានទាំងនោះ គឺជាគោលដៅសមស្របដើម្បីវាយកម្ទេច។ ប្រសិនបើ មានការឈានដល់ការសម្រេចចិត្ត ដែលនាំទៅរកសន្តិភាព ទៅរកសន្តិភាពយូរអង្វែង នោះខ្ញុំមិនយល់ទាល់តែសោះ ថាហេតុអ្វីបានជាចាំបាច់ត្រូវមានវត្តមានពួកគេក្នុងទឹកអ៊ុយក្រែន»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


