ព័ត៌មានជាតិ September 5, 2025

បាតុភូតចន្ទគ្រាសលោហិត នឹងកើតឡើងនាចុងសប្តាហ៍នេះ ហើយនៅប្រទេសកម្ពុជា ក៏អាចមើលឃើញ

Liny Chan

(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះ បាតុភូតចន្ទគ្រាសពេញលេញ ដែលជាពេលព្រះចន្ទត្រូវស្រមោលផែនដីបាំងជិតទាំងស្រុង នឹងកើតមានឡើង ហើយបណ្តាប្រទេសជាច្រើន នឹងអាចមើលឃើញវាតាំងពីដើមរហូតដល់ចប់ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជា ផងដែរ។ នេះបើតាមការផ្សាយរបស់វែបសាយ Date and Time។

ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា។ លើកចុងក្រោយបង្អស់ ដែលបាតុភូតចន្ទគ្រាសពេញលេញ អាចត្រូវមើលឃើញនៅកម្ពុជា គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២២។

គួរបញ្ជាក់ថា វានឹងជាបាតុភូតចន្ទគ្រាសពេញលេញទាំងស្រុង ដែលមានរយៈពេលដ៏យូរបំផុត គិតចាប់តាំងពីឆ្នាំ២០២២មក។ អំឡុងបាតុភូតចន្ទគ្រាសនោះ ព្រះចន្ទនឹងមានពណ៌ក្រហម ជាហេតុនាំឱ្យគេនិយមហៅថា ព្រះចន្ទលោហិត។ វាមើលទៅមានពណ៌បែបនោះ ដោយសារតែការជះរាយប៉ាយ​នៃ​កាំពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​បរិយា​កាសផែនដី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News