អ្នកនាំពាក្យអាកាសចរស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ផ្ដល់អារម្មណ៍ប្លែក អស្ចារ្យ និងរំភើបដល់អ្នកធ្វើដំណើរ ខណៈការចំណាយសាងសង់កើនដល់ជាង ២ពាន់លានដុល្លារ
(កណ្ដាល)៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈពិសេសដោយផ្ដល់នូវអារម្មណ៍ប្លែក អស្ចារ្យ និងរំភើប ដល់អ្នកធ្វើដំណើរគ្រប់រូប ពេលចូលមកដល់អាកាសយានដ្ឋាននេះ។

បើតាមអ្នកនាំពាក្យរូបនេះ ការសាងសង់អាកាសយានដ្ឋាននេះកើនឡើងលើសការគ្រោងទុក ដែលតាមគម្រោងប៉ាន់ស្មានចំណាយប្រមាណ ១៥០០លានដុល្លារ ប៉ុន្តែការសាងសង់ជាក់ស្តែងមកដល់ពេលនេះ ការចំណាយប្រហែលជាង ២ពាន់លានដុល្លារហើយ។
ការលើកឡើងបែបនេះរបស់លោក ស៉ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងឱកាសដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការទទួលជើងហោះហើរ។
លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «អាកាសយានដ្ឋានប្រភេទ 4F នេះ មិនមានច្រើននោះទេនៅក្នុងតំបន់ ប៉ុន្ដែបើក្រឡេកមើល នៅក្នុងអាស៊ាន ដូចជា៖ សិង្ហបុរី និងម៉ាឡេស៊ី មានខ្នាតប្រហាក់ប្រហែលជាមួយកម្ពុជា ប៉ុន្ដែអ្វីដែលប្លែក និងបទពិសោធន៍ល្អ គឺពេលដែលចូលអាកាសយានដ្ឋានអន្តរជាតិតេជោ មានអារម្មណ៍ប្លែក អស្ចារ្យ និងរំភើប»។
បន្ថែមពីនោះទៀត លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា មានតិចណាស់ដែលស្ថាបត្យកម្ម ឬក៏អាកាសយានដ្ឋានមួយចំនួន ផ្ដល់អារម្មណ៍ អស្ចារ្យ និងរំភើបបែបនេះ ដល់អ្នកធ្វើដំណើរ ដូចនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ទន្ទឹមគ្នានេះ ក្នុងនាមអាកាសចរស៊ីវិល លោក ស៉ីន ចាន់សិរីវុត្ថា រំពឹងទុកថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្រួលដល់ការចេញ-ចូល ហើយនឹងជំរុញឲ្យមានកំណើនភ្ញៀវទេសចរជារៀងរហូត។
បើតាមលោក ស៊ីន ចាន់សេរីវុត្ថា, ថ្ងៃដំបូង នៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ជើងហោះហើរដំបូង ដែលបានទទួលស្វាគមន៍ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដែលបានចុះចតនៅវេលាម៉ោង ៨៖០០ព្រឹក។
តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតីតែម្តង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
















