ព័ត៌មានជាតិ September 10, 2025

កម្ពុជា ស្នើហ្វីលីពីន ពិនិត្យលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

Liny Chan

(តាកែវ)៖ លោក​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២៥​ បានអញ្ជេីញ​នាំលោក Francisco P.Tiu Laurel, Jr. រដ្ឋមន្រ្តីក្រសួងកសិកម្ម​នៃសាធារណរដ្ឋហ្វីលីពីន​ បំពេញទស្សនកិច្ចក្រុមហ៊ុន​ ខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនេីបត្រាំកក់​ នៅខេត្តកំពង់ស្ពឺ​ និងខេត្តតាកែវ។

ក្នុងដំណេីរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តី​ទាំងពីររូប​ និងគណៈប្រតិភូអមដំណេីរ​ បានចុះត្រួតពិនិត្យរោងម៉ាសុីនកិនស្រូវ ភ្លក់នូវរសជាតិអង្ករកម្ពុជា​ និងការធ្វេីបទបង្ហាញផ្តោតសំខាន់ទៅលេីពូជស្រូវផ្ការំដួល​ សែនក្រអូប និងស្រងែ​ជាពូជស្រូវក្នុងស្រុក​​ ដាំដុះដោយសហគមន៍កសិកម្ម​ទំនេីប​ ក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម​ និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

ជាកិច្ចបន្ទាប់​ លោក ឌិត​ ទីណា​ បានអញ្ជេីញនាំគណៈប្រតិភូហ្វីលីពីន​ បន្តចុះត្រួតពិនិត្យកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនេីបត្រាំកក់​ ដែលផ្តោតទៅលេីផលិតកម្មដំណាំបន្លែជាច្រេីនប្រភេទ​រួមមាន៖​ បន្លែស្លឹក​ ខាត់ណាដេីម​ ប៉េងប៉ោះឈេីរី ។ល។ ដែលមានតម្រូវការ​ផងដែរ។

តាមរយៈដំណេីរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី​​ Francisco P.Tiu Laurel, Jr.​ បានថ្លែងអំណរគុណដល់​ លោករដ្ឋមន្ត្រី​ ឌិត​ ទីណា​ ដែលផ្តល់ធាតុចូលសំខាន់ៗអំពីកសិផលសក្តានុពលកម្ពុជា​ មានគុណភាពល្អ​ និងរសជាតិឆ្ងាញ់​ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេស​ហ្វីលីពីន​ និងជំរុញកសិ-ពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News