រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍៖ ជប៉ុនមានសេវាកម្មជួល «បុរសសង្ហាលួងលោម» ដើម្បីជូតទឹកភ្នែកឱ្យអ្នក
(បរទេស)៖ នៅប្រទេសជប៉ុន ការយំមិនមែនជារឿងអាម៉ាស់ ឬគួរឱ្យខ្មាសអៀននោះទេ។ ផ្ទុយទៅវិញ ការយំត្រូវបានគេចាត់ទុកថាជាសកម្មភាពព្យាបាលផ្លូវចិត្ត និងបន្ធូរអារម្មណ៍តានតឹងដ៏មានប្រសិទ្ធភាព។ នេះជាមូលហេតុដែលសេវាកម្មពិសេសមួយបានលេចចេញឡើងគឺ “Ikemeso Danshi” ឬ “បុរសសង្ហាលួងលោម” ដែលពួកគេត្រូវបានគេជួលឱ្យមកអង្គុយជាមួយអ្នក មើលភាពយន្តសោកសៅ យំជាមួយគ្នា និងថែមទាំងជូតទឹកភ្នែកឱ្យអ្នកទៀតផង។

សេវាកម្មប្លែកនេះត្រូវបានបង្កើតឡើងដោយលោក Hiroki Terai ដែលជាអ្នកជំនាញរៀបចំពិធីលែងលះ។ លោកបានកត់សម្គាល់ឃើញថា ការយំនៅក្នុងពិធីបែបនេះបានជួយឱ្យអតីតគូស្វាមីភរិយាទាំងនោះ មានអារម្មណ៍ធូរស្រាល និងចាប់ផ្តើមជីវិតថ្មីបានល្អប្រសើរ។ ដូច្នេះហើយ លោកក៏បានបង្កើតគំនិត “rui-katsu” ឬ “ការស្វែងរកទឹកភ្នែក” ដែលជាការជួបជុំគ្នាដើម្បីយំដើម្បីបន្ធូរភាពតានតឹង។ ក្រោយមក គំនិតនេះក៏បានវិវត្តន៍ទៅជាសេវាកម្មជួលបុរសសង្ហា ដើម្បីជួយសម្រួលអារម្មណ៍ដល់បុគ្គល និងសូម្បីតែក្រុមការងារនៅក្នុងក្រុមហ៊ុន។
លោក Terai ជឿជាក់ថា ការបញ្ចេញអារម្មណ៍ពិតនៅកន្លែងធ្វើការ មិនមែនជារឿងអវិជ្ជមានទេ។ ផ្ទុយទៅវិញ វាអាចជួយបង្កើតបរិយាកាសការងារកាន់តែល្អប្រសើរ និងជួយឱ្យមិត្តរួមការងារយល់ចិត្តគ្នាទៅវិញទៅមក។
អតិថិជនអាចជ្រើសរើស “Ikemeso Danshi” ពីក្នុងកាតាឡុកអនឡាញ ដែលមានប្រភេទខុសៗគ្នាដូចជា “ប្អូនប្រុស” “បុរសខ្លាំង” “អ្នកស្រលាញ់សត្វ” ឬសូម្បីតែ “អ្នកកាន់ដាវ”។ សេវាកម្មនេះជាធម្មតាមានរយៈពេលប្រហែលពីរម៉ោង បុរសទាំងនេះនឹងមកដល់ទីតាំងរបស់អតិថិជន (ផ្ទះ ឬការិយាល័យ)។ ពួកគេនឹងចាប់ផ្តើមដោយការចាក់វីដេអូ ឬភាពយន្តដែលមានលក្ខណៈសោកសៅខ្លាំង ដើម្បីជំរុញឱ្យអតិថិជន និងពួកគេផ្ទាល់យំជាមួយគ្នា។ នៅពេលដែលទឹកភ្នែកចាប់ផ្តើមហូរ “បុរសសង្ហា” ទាំងនេះនឹងដើរជូតទឹកភ្នែកថ្នមៗដោយកន្សែងដៃជូនអតិថិជន។
ការងារនេះមិនមែនគ្រាន់តែជាការធ្វើពុតជាយំនោះទេ។ បុរសទាំងនេះត្រូវបានបណ្តុះបណ្តាលឱ្យចេះយំពិតប្រាកដ ដើម្បីជំរុញទឹកចិត្តអតិថិជនឱ្យបញ្ចេញអារម្មណ៍ដោយស្មោះត្រង់។ សម្រាប់សេវាកម្មនេះ ពួកគេអាចរកចំណូលបានចន្លោះពី ៥,៦៧០ ទៅ ៧,៩០០ យ៉េន ឬប្រមាណពី ៣៨ ទៅ ៦៥ ដុល្លារអាមេរិកក្នុងមួយដង។
សេវាកម្មនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពវប្បធម៌ដ៏ប្លែករបស់ជប៉ុន ដែលជាកន្លែងដែលការរស់នៅម្នាក់ឯង និងភាពតានតឹងផ្លូវចិត្តមានការកើនឡើង។ “Ikemeso Danshi” គឺជាការឆ្លើយតបដ៏ច្នៃប្រឌិតមួយចំពោះតម្រូវការផ្លូវចិត្តរបស់មនុស្សសម័យថ្មី តាមរយៈការផ្តល់នូវការគាំទ្រអារម្មណ៍ដ៏ប្លែកពីគេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






លោក Hiroki Terai អ្នកបង្កើតសេវាកម្ម
