កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណានក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ
(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន មកពីខេត្តហឺណាន បានចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញការនាំចេញបន្លែ និងផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ។

ពិធីចុះកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន Nongde Agricultural Development Co., Ltd និង ក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd បានរៀបចំឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេល លោក Zheng Haiyang អភិបាលរងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហឺណាន។
លោកស្រី ចម និម្មល បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោក Zheng Haiyang អភិបាលរងខេត្តហឺណាន ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា-ចិនឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហឺណាន ជាពិសេសលើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News











