Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គោយន្ត និងអាវក្រោះ ត្រូវបាននាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ប្រគល់ជូនកងកម្លាំងវរសេនាតូចលេខ៣៧៣ ដែលកំពុងឈរជើងការពារទឹកដី នៅទិសព្រះវិហារ

    BY Liny Chan September 15, 2025
    គោយន្ត និងអាវក្រោះ ត្រូវបាននាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ប្រគល់ជូនកងកម្លាំងវរសេនាតូចលេខ៣៧៣ ដែលកំពុងឈរជើងការពារទឹកដី នៅទិសព្រះវិហារ

    (ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ និងលោកស្រី ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកគោយន្ត និងអាវក្រោះ មកប្រគល់ជូនដល់កងកម្លាំងនៅវរសេនាតូចលេខ៣៧៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារយ៉ាងរឹងមាំដែនអធិបតេយ្យភាពកម្ពុជាទិសព្រះវិហារ ដើម្បីចូលរួមជួយសម្រួលការលំបាក ក្នុងការដឹកជញ្ជូនស្បៀងឡើងភ្នំ និងការពារអាយុជីវិតវីរកងទ័ព។

    ឧត្តមសេនីយ៍ឯក គឹម វណ្ណា បានពាំនាំការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបណ្តាថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា។

    ឧត្តមសេនីយ៍ឯក នាយកមជ្ឈមណ្ឌលបានអំពាវនាវឱ្យបងប្អូនជាកងកម្លាំងទាំងអស់ឱ្យមានការអត់ធ្មត់កម្រិតខ្ពស់ ត្រូវគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលកំពុងប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

    ជាមួយគ្នានេះដែរ មេបញ្ជា មេបញ្ជាររង និងពលទាហាននៃវរសេនាតូចលេខ៣៧៣ទាំងអស់ បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសហការីដែលជាម្ចាស់អំណោយ ដែលបានអញ្ជើញចុះមកសួរសុខទុក្ខ និងលើកទឹកចិត្ត ដោយផ្ទាល់ ដល់កងទ័ពជួរមុខ នាពេលនេះ។

    វីរកងទ័ពជួរមុខទាំងអស់ ប្ដេជ្ញាការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី គោរពអនុវត្តបទបញ្ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជឿទុកចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ព្រមទាំងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ ជូនចំពោះឯកឧត្តមលោកជំទាវ និងសហការីទាំងអស់ សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: