ព័ត៌មានជាតិ September 15, 2025

ក្រសួងអប់រំ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រកាសទូទាំងប្រទេសក្នុងតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ

Liny Chan

(ភ្នំពេញ)៖ ខុសពីឆ្នាំរាល់ដង ដែលមានការប្រកាសលទ្ធផលសញ្ញាបត្របាក់ឌុប រយៈពេល២ថ្ងៃ ដោយថ្ងៃទី១ សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល និងថ្ងៃទី២ សម្រាប់បណ្ដាខេត្ដផ្សេងៗ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលទាំងអស់តែម្ដងទូទាំងប្រទេស តែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបានប្រកាសនាពេលកន្លងមក។

សូមជម្រាបថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។

ក្រសួងអប់រំបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រូបតំណាង