អាកាសចរស៊ីវិល អំពាវនាវបងប្អូនចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ រក្សាសណ្តាប់ធ្នាប់ជៀសវាងប៉ះពាល់ដល់អ្នកដំណើរទៅក្រៅប្រទេស ខណៈចំណតយានយន្តត្រូវគិតថ្លៃចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានអំពាវនាវដល់សាធារណជន ដែលចង់ចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា សូមរក្សាសណ្តាប់ធ្នាប់ ដើម្បីជៀសវាងបង្កការប៉ះពាល់ដល់អ្នកដំណើរទៅក្រៅប្រទេស ខណៈចំណតយានយន្តគ្រប់ប្រភេ ទនៅអាកាសយានដ្ឋានថ្មីនេះ នឹងត្រូវគិតថ្លៃចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥តទៅ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានឱ្យដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណតសម្រាប់យានយន្តគ្រប់ប្រភេទឡើយ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងគិតប្រាក់ទៅតាមម៉ោងកំណត់។
បន្ទាប់ដាក់ឱ្យដំណើរការក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាទៅទស្សនា ដែលធ្វើឱ្យសភាពនៅតាមផ្លូវចូល និងក្នុងអាកាសយានដ្ឋានថ្មីនេះ មានសភាពអ៊ូអរ។ យ៉ាងនេះក្តីលោក ស៊ីន ចាន់សិរីវុត្ថា បានអំពាវនាវដល់សាធារជនដែលមានបំណង ចូលទស្សនាក្រៅផ្លូវការ ដែលមិនមែនជាអ្នកដំណើរ និងអ្នកជូនដំណើរ ត្រូវតែគោរពនូវសណ្តាប់ធ្នាប់ និងការណែនាំរបស់សមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ ដើម្បីជៀសវាងបង្កភាពគ្មានសណ្តាប់ធ្នាប់ផ្សេងៗ និងបង្កការរំខានទៅដល់អ្នកធ្វើដំណើរចេញទៅក្រៅប្រទេស។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ដែលជាប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុងប្រតិបត្តិការតភ្ជាប់ការហោះហើរត្រង់ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចំនួន២៨ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និង ក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន ២៤។ នៅខែតុលាខាងមុខនេះ អាចនឹងមានក្រុមហ៊ុន ២ទៀតភ្ជាប់ជើងហោះហើរមកកម្ពុជា គឺក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ របស់អេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍តួកគី។
អាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា គិតពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ KTI ទទួលបានអ្នកដំណើរចេញចូល ជាមធ្យមប្រមាណ ១.៥ម៉ឺននាក់ ក្នុងមួយថ្ងៃ និងមានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ជាមធ្យមប្រមាណ ១៣០ជើងក្នុងថ្ងៃ។
សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិតេជោ សាងសង់ឡើងក្រោមទឹកប្រាក់វិនិយោគជាង ២,១៥ ប៊ីលាន ដុល្លារ (២១៥០លានដុល្លារ) ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដោយទុនវិនិយោគនេះជារបស់ជនជាតិខ្មែរ ១០០%។ រចនា និងសាងសង់ឡេីងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន ស្ថានីយអ្នកដំណេីរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC។
ចាប់ផ្តើមឡើងក្នុងដំណាក់កាលទី១ ជាមួយសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ១៥ លាននាក់ក្នុងមួយឆ្នាំ និងមានគម្រោងពង្រីកបន្ថែម ដើម្បីទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងឆ្នាំ ២០៣០ និងអ្នកដំណើរ ៥០ លាននាក់នៅឆ្នាំ២០៥០៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




