ព័ត៌មានជាតិ September 17, 2025

ស្ថានទូតបារាំង នឹងបើកទ្វារស្វាគមន៍សាធារណជនជាថ្មី ក្នុងឱកាសទិវាបេតិកភណ្ឌ នាថ្ងៃទី៤ ខែតុលាខាងមុខនេះ

Liny Chan

(ភ្នំពេញ)៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៧,៥០០នាក់ កាលពីឆ្នាំមុន, ស្ថានទូតបារំាងប្រចាំកម្ពុជា នឹងបើកទ្វារទទួល សាធារណជនចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ។

ព្រឹត្តិការណ៍ខាងលើ នឹងអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារនានា ដែលពោរពេញដោយប្រវត្តិសាស្រ្ត ជាពិសេសចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំជិត ៥ហិកតា ដែលជាលំហបៃតងធំជាងគេមួយនៅភ្នំពេញ ហើយក៏ជាទីកន្លែងមនោរម្យមួយ សម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធនៅកណ្តាលរាជធានី។

ឧទ្យាននេះមានប្រព័ន្ធអេកូឡូហ្ស៊ីជីវៈចម្រុះ ជាមួយដើមឈើប្រមាណ ២០០ដើម សិ្ថតក្នុង ៥០ប្រភេទខុសៗគ្នា និងពពួកសត្វចម្រុះជាង២៥០ប្រភេទ ក្នុងនោះមានថនិកសត្វ សត្វស្លាប ល្មូន ថលជលិកសត្វ និងសត្វល្អិតផ្សេងៗ ដែលត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌលម្អិតកាលពីពេលថ្មីៗនេះ។

សកម្មភាពនានាដែលត្រូវបានធ្វើឡើងដើម្បីអភិរក្សព្រៃឈើ និងសត្វ ក្នុងឧទ្យានបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។ ក្រៅពីនេះ សាធារណជននឹងអាចទស្សនាកន្លែងចងចាំប្រវត្តិសាស្រ្តមួយ នោះគឺអតីតទ្វាររបងរបស់ស្ថានទូតដែលជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ ហើយដែលត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ។

ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ ដោយប្រទេសបារាំង បច្ចុប្បន្នទិវាបេតិកភណ្ឌត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសជាង៥០។ ទិវានេះ អនុញ្ញាតឱ្យសាធារណជនចូលទៅទស្សនាស្វែងយល់ អំពីទីកន្លែងនានាដែលជាធម្មតាត្រូវបានបិទមិនឱ្យចូលទស្សនា។

ការទស្សនាស្ថានទូតបារាំងធ្វើឡើងដោយមិនគិតថ្លៃ និងពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ ដោយសារហេតុផលសន្តិសុខ កាបូបធំៗ និងសម្ភារៈដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឱ្យយកចូលស្ថានទូតទេ។ ស្ថានទូតបារាំងរក្សាសិទ្ធិក្នុងការបន្ថយម៉ោងទស្សនា ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ឬខ្យល់បោកបក់ខ្លាំង។

បន្ទាប់ពីទិវាបេតិកភណ្ឌខាងលើ ឧទ្យានស្ថានទូតនឹងបើកជូនសាធារណជនចូលទស្សនាម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ពោលគឺនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃការរៀបចំពិព័ពណ៌ផ្សារបារាំង៕ ផ្ដល់សិទ្ធិដោយ៖ Fresh news