Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហជីពថា ការដំឡើងប្រាក់ឈ្នួល២១០ដុល្លារ នៅឆ្នាំ២០២៦ អាចរក្សាវិនិយោគិនចាស់ ទាក់ទាញវិនិយោគិនថ្មី ហើយមានការប្រកួតប្រជែងក្នុងតំបន់

    BY Liny Chan September 18, 2025
    សហជីពថា ការដំឡើងប្រាក់ឈ្នួល២១០ដុល្លារ នៅឆ្នាំ២០២៦ អាចរក្សាវិនិយោគិនចាស់ ទាក់ទាញវិនិយោគិនថ្មី ហើយមានការប្រកួតប្រជែងក្នុងតំបន់

    (ភ្នំពេញ)៖ សហជីពតំណាងកម្មកររាប់ម៉ឺននាក់នៅកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារសហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៦ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងការបូប អាចរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មី ហើយមានការប្រកួតប្រជែងក្នុងតំបន់ទៀតផង។

    ការលើកឡើងនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ចំនួន ២១០ដុល្លារសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៧ ខែកញ្ញា។

    លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ខែបន្ថែមនេះ អ្នកវិនិយោគអាចទទួលយកបាន ដែលធ្វើឱ្យមានលំនឹង នៃការវិនិយោគនៅកម្ពុជា ហើយអាចនឹងទទួលបានអ្នកវិនិយោគថ្មីៗ ដែលនឹងបង្កើតការងារបន្ថែមជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ និងពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ។

    លោកបានបញ្ជាក់ថា៖ «អ្នកវិនិយោគបានស្វែងយល់ពីផលប៉ះពាល់ផ្សេងៗ ពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូន ប៉ុន្តែយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលក៏បានបង្កលក្ខណៈងាយស្រួល ដើម្បីអ្នកវិនិយោគអាចទទួលបានផលចំណេញក្នុងកម្រិតមួយទទួលយកបាន»

    លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ចំពោះការដំឡើងប្រាក់ឈ្នួលរបស់កម្ពុជា ធ្វើឡើងក្នុងកម្រិតមួយសមរម្យ ទទួលយកបាន និងគ្មានការគាបសង្កត់ណាមួយឡើយ ដែលនេះជាផលល្អសម្រាប់ទាក់ទាញអ្នកវិនិយោគ ថ្មីបន្ថែមសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

    លោកបានបន្ដទៀតថា៖ «ខ្ញុំនៅតែមើលឃើញថា កម្ពុជាជាប្រទេសមានការប្រកួតប្រជែងមួយ ដ៏ល្អសម្រាប់បណ្តាលប្រទេសក្នុងតំបន់អាស៊ាន ហើយការកំណត់ប្រាក់ឈ្នួលរបស់កម្ពុជាមានការរៀបចំធ្វើឡើង ជារៀងរាល់ឆ្នាំដោយទៀងទាត់ហើយ។ ការដំឡើងប្រាក់ឈ្នួលគឺភាគីនិយោជិត និងភាគីនិយោជក អាចទទួលយកបាន ធ្វើការជាមួយគ្នាបានរលូន ហើយមានស្ថេរភាពទៀតផង»

    រីឯលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា កម្ពុជាមានភាពចាស់ទុំក្នុងការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ហើយពោរពេញទៅដោយភាពរួសរាយរាក់ទាក់ ក្នុងការទំនាក់ទំនងទាក់ទាញអ្នកវិនិយោគគិនថ្មីៗ។ ការដំឡើង ២ដុល្លារ ក្នុងស្ថានភាពបច្ចុប្បន្ន ពិតជាសមរម្យអាចទទួលយកបានទាំងអស់គ្នា ក៏ដូចជាបង្កើតភាពទាក់ទាញវិនិយោគផងដែរ។

    បន្ថែមពីនេះ លោកក៏បានបន្ដថា៖ «ការបង្កើតការងារ បង្កើនការវិនិយោគឱ្យបានកាន់តែច្រើន សម្រាប់ប្រទេសកម្ពុជាយើង គឺបានផ្តល់ឱកាសទៅដល់បងប្អូនពលករពលការិនី ដែលគាត់កំពុងតែត្រូវការការងារជាង៦០ម៉ឺនកន្លែងឯណុះ អញ្ចឹងហើយប្រាក់ឈ្នួលប៉ុននេះ គឺយើងអាចទាក់ទាញការវិនិយោគមកកាន់តែច្រើន»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: