ព័ត៌មានជាតិ September 19, 2025

ជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៉ី, នាយឧត្តមសេនីយ៍ ទៀ សីហា រាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ពិសេសករណីហិង្សារបស់ប៉ូលីសថៃ មកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់

Liny Chan

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម ជាមួយលោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៉ី ដោយបានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលីសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លាលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់លើខ្ពស់លើការជំរុញបទឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន បានចុះពិនិត្យទីតាំងផ្ទាល់។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កម្លាំងប្រដាប់អាវុធថៃ ដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជារាយបន្លាលួស ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍បំពងសំឡេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋជាង២០នាក់រងរួប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News