ពលរដ្ឋរងគ្រោះដោយផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា -ថៃ ចំនួន ៤៥០គ្រួសារ នៅសង្កាត់កូនគ្រៀល ក្រុងសំរោង ទទួលបានជំនួយសង្រ្គោះបន្ទាន់
(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ៤៥០គ្រួសារ មកពីភូមិចំនួន១៦ ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលបានជំនួយ ពីកម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ឆ្លើយតបវិបត្តិកង្វះខ្វះស្បៀងអាហារ ដល់គ្រួសាររងគ្រោះដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន កម្ពុជា-ថៃ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងបរិវេណសាលាសង្កាត់កូនគ្រៀល ក្រោមវត្តមានលោក ផុនចាន់និល អភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ និងអ្នកស្រី ថៃ បុណេ នាយិការប្រតិបត្តិអង្គការក្តីសង្ឃឹមលូថេវ៉ានកម្ពុជា ដោយមានការចូលរួមពីលោក លឿង ណុច ប្រធានក្រុមប្រក្សា និងជាចៅសង្កាត់កូនគ្រៀលល ក្រុងសំរោង ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។
នាឱកាសនោះលោក ផុន ចាន់និល បានថ្លែងប្រាប់ប្រជាពលរដ្ឋ ពីបញ្ហាជម្លោះតាមព្រំដែន កម្ពុជា-ថៃ ដែលបង្ករឡើងដោយទាហានថៃ ដែលមានចេតនាចង់ដណ្តើមទឹកដីកម្ពុជា រហូតឈានដល់ការផ្ទុះអាវុធបាញ់មកលើកម្ពុជាមុន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនមានការភ័យខ្លាច នឹងបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសំបែង ទៅស្នាក់នៅបណ្តោះអាសន្ននៅតាមទីតាំងសុវត្ថិភាពផ្សេងៗ ប៉ុន្តែទោះជាបានទៅស្នាក់នៅទីទួសសុវត្ថិភាពបណ្តោះអាសន្នក៏ដោយ ក៏ទទួលការការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពីអាជ្ញាធរមូលដ្ឋាន និងពីអង្គការជាតិ អន្តរជាតិ ក៏ដូចជាសប្បុរសជននានាផងដែរ។
លោកបញ្ជាក់ថាកម្មវិធីនេះទទួលបានមូលនិធីពីរអង្គការ អាក់ អាឡាយអិន (Act. Alliance) និងអនុវត្តដោយអង្គការក្តីសង្ឃឹមលូថេវ៉ាន កម្ពុជា (LHCO) ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋានក្នុងនោះដែរ ជំនួយមនុស្សធម៌នេះ នឹងផ្តល់ជូនដល់គ្រួសាដែលរងគ្រោះដោយសារជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបប្រទះនឹងវិបត្តិកង្វះស្បៀងអាហារ។
លោក ផុន ចាន់និល បន្ថែមថា គ្រួសារដែលទទួលអំណោយនាពេលនេះ ត្រូវបានជ្រើសរើសដោយមានការសហការជាមួយរដ្ឋបាលសង្កាត់កូនគ្រៀល ស្រមតាមលក្ខណៈវិនិច្ឆ័យច្បាស់លាស់ នឹងមានការណែនាំពីម្ចាស់មូលនិធិ អង្គការ អាត់ អាឡាយអិន (Act Alliance) ។ ជំនួយនេះនឹងត្រូវបានផ្តល់ជូនគ្រួសារចំនួន ៤៥០គ្រួសារ ដែលបានមកពីភូមិចំនួន១៦ ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលក្នុងនោះមួយគ្រួសារនឹងទទួលបានជាសាច់ប្រាក់ចំនួន ១២០ដុលារ អង្ករចំនួន ៣០គីឡូក្រាម ម៉ាស់ពាក់ចំនួន១ ប្រអប់តូចផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News














