លោក Anwar អញ្ជើញនាយករដ្ឋមន្រ្តីថៃថ្មី លោក Anutin បំពេញទស្សនកិច្ចទៅកាន់ម៉ាឡេស៉ី ខណៈសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ស្នើប្រធានអាស៊ាន ជួយធ្វើអន្តរាគមន៍បន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា
(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បានអញ្ជើញនាយករដ្ឋមន្រ្តីថៃថ្មី លោក Anutin Charvirakul ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៉ី ក្រោយលោកឡើងដឹកនាំប្រទេសថៃជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៉ី Bernama នាថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

លោក Anwar បានអញ្ជើញលោក Anutin អំឡុងកិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍ ហើយលោក Anwar បានគូសបញ្ជាក់ថា វាគឺជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងចំណងទាក់ទងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានបន្ថែមថា រូបលោកក៏បានពិភាក្សាផងដែរ ជាមួយលោក Anutin អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍នៅព្រំដែនថៃ-កម្ពុជា ហើយនាឱកាសនោះ លោកបានសង្កត់ធ្ងន់ពីសារសំខាន់ ដែលភាគីទាំងអស់ត្រូវរក្សាសន្តិភាពនិងចៀសវាងបណ្តោយឱ្យការខ្វែងគំនិតគ្នាណាមួយ បង្កជាភាពតានតឹងដោយមិនចាំបាច់។
លោក Anwar បានបន្តទៀតថា រូបលោកបានអំពាវនាវឱ្យបញ្ហាណាមួយដែលលេចឡើង ត្រូវដោះស្រាយនៅឯតុចរចាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែន JBC ហើយម៉ាឡេស៉ីជឿជាក់ថា ស្មារតីនៃកិច្ចសន្ទនា ការទូត និងការយោគយល់គ្នាទៅវិញទៅមក គឺជាមធ្យោបាយប្រសើរបំផុត ដើម្បីធានាបាននូវសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
សូមជំរាបថា នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយស្នើឲ្យជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម។
សំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមបានរៀបរាប់យ៉ាងដូច្នេះថា៖
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។
ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

