តបសំណើសម្តេចតេជោ, ប្រេស៉ីលនឹងពិចារណាឱ្យមានគ្រូបង្វឹកមកបណ្ដុះបណ្ដាលកីឡាបាល់ទាត់ និងបាល់ទះនៅកម្ពុជា
(ភ្នំពេញ)៖ តបតាមសំណើ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា បានថ្លែងថា ប្រេស៉ីលនឹងពិចារណាឱ្យមានគ្រូបង្វឹកមកបណ្ដុះបណ្ដាលកីឡាបាល់ទាត់ និងបាល់ទះនៅកម្ពុជា។

លោកស្រីបានថ្លែងបែបនេះ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងរបស់លោកស្រី។
នាឱកាសនោះ សម្ដេចតេជោ បានលើកឡើងទាក់ទងទៅនឹងការពង្រីក នៅក្នុងវិស័យកីឡា ដោយសម្ដេចតេជោ បានលើកឡើងថា ប្រេស៊ីលមានសក្កានុពលណាស់ ជាពិសេសធនធានកីឡាល្អៗណាស់។ នៅពេលដែលគេនិយាយពីប្រេស៊ីល គេនឹងនឹកឃើញកីឡា ហើយសម្ដេចក៏ជាអ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរនៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម។
«ដូច្នេះភាគីទាំងពីរគួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នា ជាពិសេសគឺការបញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកផ្នែកកីឡារបស់កម្ពុជា ដូចជាកីឡាបាល់ទាត់ និងកីឡាបាល់ទះ ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីចំណងមិត្តភាពរវាងប្រទេសទាំងពីរផង ហើយដើម្បីជំរុញនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែមានចម្រើនទៅជាមួយនឹងគ្នា»។ សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមបែបនេះ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោកស្រី Vivian Loss Sanmartin បានរំលេចដោយបញ្ជាក់ថា ប្រេស៊ីលនឹងពិចារណាក្នុងការរៀបចំឱ្យមានគ្រូបង្វឹកមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះកីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកស្រីបានលើកឡើងថា នេះជារឿងមួយដែលភាគីទាំងពីរអាចធ្វើបានទៅជាមួយគ្នា ហើយធ្វើបានក្នុងពេលឆាប់ៗ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ក្នុងព្រះបរមនាម នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះលោកស្រី ហើយសម្ដេចតេជោបានចាត់ទុកវត្តមានលោកស្រី នាពេលនេះ ជាផ្នែកមួយដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។ សម្ដេចក៏បានបង្ហាញនូវក្តីរីករាយដែលសហព័ន្ធប្រេស៊ីលបានដាក់និវេសនដ្ឋានទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីលឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









