អ្នកនាំពាក្យក្រសួងយុត្តិធម៌ បង្ហាញហេតុផល២ចំណុច ដែលនាំឲ្យថៃមិនអាចលុប MoU ឆ្នាំ២០០០ ដោយឯកតោភាគីបានឡើយ
(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអះអាងថា អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ ពាក់ព័ន្ធកិច្ចការព្រំដែន ឬ MoU 2000 គឺភាគីថៃមិនអាចលុបចោលដោយឯកតោភាគីបានោះឡើយ។

ការចេញមកបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃ បានចេញផ្សាយដោយដកស្រង់សម្ដីរបស់នាយករដ្ឋមន្ដ្រីថៃថា ប្រទេសថៃរក្សាជំហរធ្វើប្រជាមតិទូទាំងប្រទេសមួយដើម្បីសម្រេចថានឹងលុបចោល MOU ទាំងពីរ ដែលបានចុះហត្ថលេខាជាង ២០ឆ្នាំមកនេះជាមួយកម្ពុជា។
សម្រាប់កម្ពុជា លោក សេង ឌីណា បានធ្វើការពន្យល់ និងលើកឡើងនូវហេតុផលចំនួន ២ចំណុច ដែលនាំឲ្យថៃមិនអាចសម្រេចចិត្តដោយឯកតោភាគី ដើម្បីលុប MoU ឆ្នាំ២០០០នេះបាននោះទេ៖
* ទី១៖ MoU 2000 ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ (UN) និងផ្សព្វផ្សាយជាផ្លូវការដោយ UN ស្របតាមមាត្រា១០២ នៃធម្មនុញ្ញសហប្រជាជាតិ។ ត្រង់ចំណុចនេះ យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិ ស្តីពីសន្ធិសញ្ញា (Customary international law of treaties) និងយុត្តិសាស្ត្រ នៃតុលាការអន្តរជាតិ ICJ (សាលដីកាក្នុងសំណុំរឿង Somalia v. Kenya, 2017), កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋ បង្កើតជាចំណងផ្លូវច្បាប់ ស្របតាមច្បាប់អន្តរជាតិ គឺជាកិច្ចព្រមព្រៀង ដែលមានតម្លៃដូចសន្ធិសញ្ញា បើទោះជាកិច្ចព្រមព្រៀងនោះ ត្រូវបានភាគីដាក់ចំណងជើងបែបណាក៏ដោយ។
* ទី២៖ MoU 2000 មិនមានកាលបរិច្ឆេទផុតកំណត់ ហើយក៏មិនមានបទប្បញ្ញត្តិចែងអំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគីនោះដែរ។ ដូច្នេះ MoU 2000 ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល MoU 2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







