Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិក នឹងកាត់បន្ថយបេសកកម្មនៅអ៉ីរ៉ាក់ ហើយទៅផ្តោតលើក្រុម ISIS នៅស៉ីរី

    BY Liny Chan October 1, 2025
    មន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិក នឹងកាត់បន្ថយបេសកកម្មនៅអ៉ីរ៉ាក់ ហើយទៅផ្តោតលើក្រុម ISIS នៅស៉ីរី

    (បាដាដ)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ពីការកាត់បន្ថយបេសកកម្មយោធារបស់ខ្លួន នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាដំណើរការមួយដែលមន្ត្រីអាមេរិកម្នាក់និយាយថា គេនឹងបានឃើញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Baghdad ដើម្បីប្រយុទ្ធប្រឆាំងនឹងសំណល់នៃក្រុម ISIS ដោយខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ ២០២៥។

    មន្រ្តីរូបនេះបាននិយាយក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះថា នៅក្រោមបេសកកម្ម សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត នឹងផ្តោតលើការប្រយុទ្ធប្រឆាំងក្រុម ISIS ដែលមានសេសសល់នៅស៉ីរី ហើយប្តូរបុគ្គលិកយោធាទៅកាន់តំបន់ Kurdistan ប្រទេសអ៊ីរ៉ាក់ ដើម្បីបំពេញបេសកកម្មនោះ។ ចំណែកកងទ័ពអាមេរិក នៅសល់ក្នុងទីក្រុង Baghdad នឹង​ផ្តោត​លើកិច្ចសហប្រតិបត្តិការ​សន្តិសុខ​ទ្វេភាគី​ទូទៅ មិនមែន​ជាការប្រយុទ្ធ​ប្រឆាំងនឹងក្រុម ISIS នោះទេ។

    គួរបញ្ជាក់ថា នៅដើមឆ្នាំ ឆ្នាំ ២០២៥ សហរដ្ឋអាមេរិក មានកងទ័ពប្រហែល ២ ៥០០នាក់ក្នុងប្រទេសអ៉ីរ៉ាក់ និងច្រើនជាង ៩០០នាក់នៅស៉ីរី ដែលជាប្រទេសជិតខាងគ្នា និងជាផ្នែកមួយនៃក្រុមចម្រុះដែលបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: