Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមសង្រ្គោះឥណ្ឌូណេស៉ី ថាលែងរកឃើញសញ្ញានៅមានជីវិត ខណៈមនុស្ស៥៩នាក់ បន្តបាត់ខ្លួនក្នុងករណីបាក់ស្រុតអគារសាលារៀន

    BY Liny Chan October 2, 2025
    ក្រុមសង្រ្គោះឥណ្ឌូណេស៉ី ថាលែងរកឃើញសញ្ញានៅមានជីវិត ខណៈមនុស្ស៥៩នាក់ បន្តបាត់ខ្លួនក្នុងករណីបាក់ស្រុតអគារសាលារៀន

    (ហ្សាការតា)៖ នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ក្រុមសង្រ្គោះនៅប្រទេសឥណ្ឌូណេស៉ី បាននិយាយថា ពួកគេលែងប្រទះឃើញសញ្ញាមានជីវិត នៅក្រោមគំនរអគារសាលារៀនដែលបាក់ស្រុតទៀតហើយ ជាទីដែលមនុស្ស៥៩នាក់ ត្រូវបានជឿថានៅបន្តបាត់ខ្លួននៅឡើយ។ ប្រការនេះបង្កើនការភ័យព្រួយថា លែងមានអ្នកនៅរស់ផ្សេងទៀត ដែលនឹងត្រូវរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

    ប្រធានទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បាននិយាយថា នាថ្ងៃព្រហស្បតិ៍នេះ ក្រុមសង្រ្គោះបានបន្តប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង រួមមានទាំង​ឧបករណ៍ទំនើបៗ ប៉ុន្តែមិនប្រទះឃើញសញ្ញាមានជីវិតទៀតនោះទេ នៅក្រោមគំនរអគារ ដែលបានបាក់ស្រុតតាំងពីថ្ងៃចន្ទដើមសប្តាហ៍។ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សចំនួន៥នាក់ ត្រូវបានទាញចេញពី​ក្រោមគំនរបាក់បែក ទាំងនៅមានជីវិត។

    គួរបញ្ជាក់ថា សាលារៀនអ៉ីស្លាមខាងលើ ដែលស្ថិតក្នុងក្រុង Sidoarjo លើកោះជ្វា បានបាក់ស្រុត ខណៈដែលគ្រឹះរបស់អគារ មិនអាចគាំទ្រការងារសាងសង់ ដែលធ្វើឡើងនៅជាន់ខាងលើបាន ហើយសង្កត់លើសិស្សជាច្រើននាក់ ដែលពេលនោះ កំពុងប្រមូលផ្តុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃ។ តួលេខផ្លូវការចុងក្រោយនៃអ្នកស្លាប់ក្នុងហេតុការណ៍នេះ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៉ី បញ្ជាក់ថា មានចំនួន៥នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: